កាលពី​វេលា​ម៉ោង​០១​:៥០​នាទី ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៩ មាន​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​​០២​នាក់បានព្រួតគ្នាវាយ ជនរងគ្រោះម្នាក់បណ្ដាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ។

ក្រោយពេលកើតហេតុ អធិការ​នគរបាល​ស្រុក​ បាន​ចាត់តាំង​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​រដ្ឋបាល ចុះទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាមៗ ធ្វើការ​ស្រាវជ្រាវ​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ជា​បន្តបន្ទាប់ និង​ដកហូត​ម៉ូតូ​០២គ្រឿង។ ជនសង្ស័យ​ចំនួន​២​នាក់​ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នោះ មានឈ្មោះ​៖១-​ឈ្មោះ មាម ចាន់ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​អូរ​ជញ្ជៀន ឃុំ​​អន្លង់វែង ស្រុក​អន្លង់វែង មុខរបរ​កសិករ។​
២-​ឈ្មោះ ជីវ សុខ​ជា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំអន្លង់វែង ស្រុក​អន្លង់វែង មុខរបរ​រត់​ម៉ូតូឌុប។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ចំនួន​២​នាក់​ខាងលើ បាន​ធ្វើ​សកម្មភាព​វាយតប់ និង​យក​កូនកាំបិត ចាក់ទៅលើ​ជនរងគ្រោះ ឈ្មោះ ហ៊​ន ឈិន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ឃ្លាំង​កណ្តាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង មុខរបរ​កសិករ ត្រូវក្រោម​ឆ្អឹងជំនីរ​ខាង​ឆ្វេង​១​កន្លែង និង​ក្រោម​ចង្កា១​កន្លែង បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្ន​ជនរងគ្រោះ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​សៀមរាបដើម្បីព្យាបាលដោយសារស្ថានភាពធ្ងន់ធ្ងរពេក។