ភ្នំពេញ ៖ កាលពីថ្មីៗនេះ ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​បានប្រកាស​ដាក់​កម្រិត​វិន័យ​ចំពោះ​បុគ្គលិក​អប់រំ​សម្រាប់​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​នឹង​ប្រព្រឹត្តទៅ​នៅថ្ងៃទី ១៩ ​និង២០ ​ខែសីហា ​ខាងមុខនេះ ​ដោយ​កម្រិត​ឲ្យ​បុគ្គលិក​អប់រំ​ ត្រូវ​បំពេញ​កាតព្វកិច្ច​ធានា​រ៉ាប់រង​សេវា ​គោរព​ម៉ោង​ធ្វើការ ​និង​គោរព​ឋានានុក្រម​ បំពេញ​តួនាទី​របស់​ខ្លួន​ប្រកាន់​យក​ភាព​ថ្លៃ​ថ្នូរ។

សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ​ចុះ​ថ្ងៃទី ២៨​ ខែមិថុនា ​ដែលបាន​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក ​នាថ្ងៃ​ទី ១៧ ​ខែ កក្កដា បាន​បញ្ជាក់ថា​ ក្រសួង​មានគោលដៅ​រក្សា​របៀប​រៀបរយ​ក្នុង​ការប្រឡង ​ជំរុញឲ្យ​បុគ្គលិក​អប់រំ​អនុវត្ត​ច្បាប់ ​និង​ជំរុញ​ការលុបបំបាត់​អំពើ​អសកម្ម​ក្នុង​ដំណើរការ​ប្រឡង។ ក្រសួង​សង្កត់ធ្ងន់​ថា ​បុគ្គលិក​អប់រំ​ត្រូវ​បំពេញ​កាតព្វកិច្ច​ធានារ៉ាប់រង​សេវា ​គោរព​ម៉ោង​ធ្វើការ​ និង​គោរព​ឋានានុ​ក្រម ​បំពេញ​តួនាទី​របស់​ខ្លួន ​ប្រកាន់​យក​ភាព​ថ្លៃថ្នូរ​​ និងមាន​កិត្តិយស ​គោរព​ការ​សម្ងាត់​វិជ្ជាជីវៈ ​គិតគូរ​ប្រយោជន៍​ទូទៅ ​និង​ភក្តី​ភាព ​និងកាតព្វកិច្ច​អព្យាក្រឹត​ក្នុងការ​អនុវត្ត​ការងារ ​និងភារកិច្ច​ដែលបាន​កំណត់។

យោង​តាម​ការថ្លែង​របស់​ សម្តេច​​ ស ខេង ​បានឲ្យដឹងថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នេះ​មាន​មណ្ឌល​ប្រឡង​សរុប​២០២មណ្ឌល ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ ៧៥មណ្ឌល និងវិទ្យាសាស្ត្រសង្គម១២៧មណ្ឌល មាន៤៨០៩ បន្ទប់បេក្ខជនប្រឡងសរុប១១៩២១៧នាក់ ស្រី៦១០៣១នាក់ ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន៤៥៤១៤នាក់ ស្រី២៥៥២៦នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម៧៣៨០៣ នាក់ ស្រី៣៥៥០៥នាក់ (ទិន្នន័យ​បណ្ដោះ​អាសន្ន) ។

ហើយសម្តេចក៏បានបន្តទៀតថា ហើយ​ថ្នាក់​ក្រោម​ជាតិ​ក៏​ពាក់ព័ន្ធ​ផ្នែក​សន្តិសុខ​មួយ​ផ្នែក ​ប៉ុន្តែ​ទន្ទឹមនឹងនេះ​ក៏ពាក់ព័ន្ធ​នឹង​ធ្វើម៉េច​ឲ្យការ​ប្រឡង​ហ្នឹង​វា​មាន​តម្លាភាព​ផង​ដែរ ។ នេះ​ជា​បញ្ហា​មួយ​ដ៏​ស្មុគស្មាញ ​មិន​ជាស្រួល​ប៉ុន្មាន​ទេ ។