អាម៉ុកស៊ីលីន គឺជាប្រភេទថ្នាំអង់ទីប៊ីយូទិក ដែលស្ថិតក្នុងក្រុមជាមួយនឹងពពួកថ្នាំប៉េណេស៊ីលីន (Penicillin)។ អាម៉ុកស៊ីលីនត្រូវបានគេប្រើសម្រាប់ធ្វើការព្យាបាលការចម្លងរោគរបស់ពពួកបាក់តេរីដូចជា៖ ការចម្លងរោគនៅក្នុងត្រចៀក ប្លោកនោម ជំងឺប្រមេះ មានខ្ទុះនៅក្នុងជើងធ្មេញ ជំងឺរលាកត្រចៀក និងជំងឺទងសួត។
អាម៉ុកស៊ីលីនត្រូវបានគេប្រើរួមផ្សំជាមួយនឹងថ្នាំក្លារីត្រូមីស៊ីន (clarithromycin) ដើម្បីបំផ្លាញនូវការចម្លងរោគនៅផ្នែកខាងក្រោមក្រពះ ចំពោះជំងឺដំបៅក្រពះ។
១.របៀបប្រើប្រាស់ថ្នាំនេះ
អ្នកលេបវានៅមុន ឬក្រោយពេលទទួលទានអាហារ សម្រាប់ថ្នាំទឹកប្រសិនបើវាត្រូវបានទុកជាយូរមកហើយអ្នកត្រូវធ្វើការក្រឡុកវាជាមុនសិនមុននឹងធ្វើការប្រើប្រាស់។ សម្រាប់ការកំណត់ពីបរិមាណដែលអ្នកត្រូវប្រើប្រាស់ អ្នកត្រូវប្រើស្លាបព្រារង្វាស់វាឱ្យបានត្រឹមត្រូវ។ ប្រសិនបើវាជាថ្នាំរលាយនោះអ្នកត្រូវដាក់វាចូលទៅក្នុងទឹកឱ្យបានរលាយអស់ និងកូរឱ្យបានសព្វជាមុនសិនមុន មុននឹងលេបវា។២.អ្វីដែលត្រូវធ្វើការពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិត ឬ ឱសថការីមុនពេលអ្នកចាប់ផ្តើមប្រើប្រាស់វា
អ្នកត្រូវចាំថា អ្នកត្រូវតែផ្តល់ដំណឹងដល់គ្រូពេទ្យ ឬ អ្នកជំនាញផ្នែកសុខភាព ប្រសិនបើអ្នកកំពុងធ្វើការប្រើប្រាស់ថ្នាំប្រភេទណាមួយ។ មុនពេលធ្វើការប្រើប្រាស់វាអ្នកចាំបាច់ត្រូវប្រាប់គ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកមានជំងឺផ្នែកតម្រងនោម ឬ បានរងគ្រោះពីការចម្លងរោគពីពពួកវីរុស។ ប្រសិនបើអ្នកកំពុងមានគម្រោងចង់បានកូន ឬ កំពុងបំបៅកូនដោយទឹកដោះ នោះអ្នកត្រូវប្រាកដថាអ្នកបានប្រាប់គ្រូពេទ្យជាមុន។ ថ្នាំប្រភេទនេះត្រូវបានស្ថិតក្នុងក្រុម «ខ» ដែលវានឹងមានការប្រឈមនឹង គ្រោះថ្នាក់នៃការមានគភ៌ ។៣.ផលរំខាន និងពេលណាដែលអ្នកត្រូវធ្វើការពិភាក្សាជាមួយនឹងគ្រូពេទ្យ
– មានការរាក
– ចង្អោរ ឬ ក្អួត
– ឈឺក្រពះ
– ទឹកនោមមានពណ៌ដិតខ្លាំង
– មានស្បែកឬភ្នែកពណ៌លឿង
៤.កម្រឹតដែលត្រូវប្រើប្រាស់ និងអ្វីដែលអ្នកត្រូវធ្វើពេលអ្នកមិនបានប្រើប្រាស់តាមកម្រឹតត្រូវ
សម្រាប់ការចម្លងរោគពពួកបាក់តេរីភាគច្រើនវាត្រូវបានគេប្រើប្រាស់ក្នុងកម្រិតពី ២៥០ ទៅ ៥០០មីលីក្រាម ជារៀងរាល់៨ម៉ោងម្តង។ សម្រាប់ការព្យាបាលជំងឺប្រមេះ ដែលមានសភាពធ្ងន់ធ្ងរវាត្រូវបានគេប្រើម្តងក្នុងកម្រិត ៣ក្រាមជាមួយនឹងប្រូបែនស៊ីត ( probencid) ១ក្រាម។
អ្នកត្រូវប្រើវា ទៅតាមការណែនាំរបស់ឱសថការី ឬ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យដែលវាអាស្រ័យទៅតាមសភាពធ្ងន់ធ្ងររបស់ជំងឺអ្នក។អ្នកត្រូវប្រើឱ្យគ្រប់ចំនួនដងទៅតាមការណែនាំរបស់គ្រូពេទ្យ បើទោះបីជាអ្នកមានអារម្មណ៍ថាបានធូរស្រាលជាងមុន បន្ទាប់ពីរយៈពេល ១ ឬ ២ថ្ងៃក្រោយពេលអ្នកបានលេបវាក៏ដោយ។

៥.គួរធ្វើយ៉ាងណានៅពេលដែលអ្នកភ្លេចលេបវា?
ប្រសិនបើអ្នកភ្លេចលេបវាម្តង នោះអ្នកត្រូវប្រញាប់លេបវាវិញអោយបានឆាប់រហ័សនៅពេលដែលអ្នកចាំវិញ។ ប្រសិនបើវាជិតដល់ពេល ដែលអ្នកត្រូវលេបថ្នាំនោះម្តងទៀតហើយនោះអ្នកត្រូវរំលងនូវថ្នាំដែលអ្នកមិនបានលេប និង បន្តប្រើវាទៅតាមកាលវិភាគធម្មតារបស់អ្នក។ អ្នកមិនត្រូវធ្វើការលេបវាពីរដងដើម្បីបំពេញនូវថ្នាំដែលអ្នកបានភ្លេចលេបនោះទេ។