ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលមកពី ម៉ូតូ០១គ្រឿង វ៉ាជែងរថយន្តខាងមុខ តែវ៉ាមិនផុតបានបុកស្តុបខាងឆ្វេងនៃរថយន្តដែលខ្លួនវ៉ា រួចបណ្តាលឲ្យដួលឃ្ទាតចូលទៅគន្លងផ្លូវម្ខាងទៀត ធ្វើឲ្យរថយន្ត០១គ្រឿងទៀតបុកចំពីមុខ កិនអូសក្រោមរថយន្តជាច្រើនម៉ែត្រ ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ។

តាមប្រភពពីសមត្ថកិច្ចស្រុកពញាឮបានឲ្យដឹងថា កាលពីវេលាម៉ោង៩ និង២៩នាទីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយដែលបានបណ្តាលឲ្យស្លាប់មនុស្ស០២នាក់ ក្នុងនោះរួមមាន ៖ ឈ្មោះ និត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅខេត្តព្រៃវែង ជាអ្នកបើកបរម៉ូតូម៉ាក SUZUKI SMASH REVO ធុនសេ110 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1F-6205 និងម្នាក់ទៀតឈ្មោះ ធី វណ្ណថង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិចន្លោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល រីឯរថយន្ដម៉ាក HYUNDAI ពណ៍ស+ខៀវ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1508 បើកបរដោយឈ្មោះ ហ៊ុន សាន្ត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិវិហារខ្ពស់ ឃុំសួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ប្រភពដដែលបានបន្តទៀតថា ហេតុការណ៍បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។

ប្រភពផ្សេងទៀតពីសាក្សីបាននិយាយទាំងរន្ធត់ថា ៖ ជនរងគ្រោះទាំង0២នាក់ ជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង (ភ្នំពេញ-បាត់ដំបង) លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបរម៉ូតូបានបើកបន្ថែមល្បឿន វ៉ាជែងរថយន្តតូចមួយគ្រឿង ដែលកំពុងបើកបរស្របទិសនៅខាងមុខ តែវ៉ាមិនផុត ក៏បានបុកចំស្តុបខាងឆ្វេងនៃរថយន្តដែលខ្លួនវ៉ានោះ បណ្តាលឲ្យដួលខ្ទាតម៉ូតូអ្នកបើកបរ និងរួមដំណើរនៅលើកណ្តាលទ្រូងផ្លូវ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាកHYUNDAI បើកមកពីមុខ ក្នុងទិសដៅច្រាស់គ្នាឈប់មិនទាន់ ជាន់ហ្វ្រាំងក៏មិនជាប់ រួចក៏កិនពីលើអ្នកទាំង០២ស្លាប់នៅកន្លែងកើតហេតុតែម្តង ចំណែកឯអ្នកបើកបរ និងម៉ូតូអូសជាប់នៅក្រោមរថយន្តជាច្រើនម៉ែត្រស្លាប់យ៉ាងរន្ធត់ ឃើញដូចនេះអ្នកបើកបររថយន្ដឈប់រថយន្ដ រត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចធ្វើការសហការគ្នាដេញចាប់ឃាត់ខ្លួនបានមកវិញ ។