កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ​វេលាម៉ោង១១ៈ១៥នាទីព្រឹក កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ បានចាប់ខ្លួននារីវ័យក្មេង២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១គីឡូក្រាម នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងសម្របសម្រួលដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តលោក តេង សាម៉ៃ។

លោកវរសេនីយ៍ទោ ង៉េង សុខជា ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន ប្រាប់ឲ្យដឹងថាកម្លាំងនគរបាលបង្រ្កាបចាប់ខ្លួនស្រ្តីសង្ស័យទាំង២នាក់ ក្រោយកម្លាំងនគរបាលបានស្រាវជ្រាវស៊ើបអង្កេតតាមភ្ញាក់ងារបណ្តាញសម្ងាត់ លើមុខសញ្ញាជនសង្ស័យគ្រឿងញៀននៅស្រុកមង្គលបូរី ដែលកម្លាំងនគរបាលបង្រ្កាបបាន ក្រោយមានការចង្អុលបង្ហាញពីជនសង្ស័យគ្រឿងញៀននោះហើយ ទើបកម្លាំងនគរបាលបានបន្តស្រាវជ្រាវកំណត់បានមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀនធំនៅក្រុងសិរីសោភ័ណ ក៏បើកការហ៊ុំព័ទ្ធផ្ទះជនង្ស័យជួញដូរទ្រង់ទ្រាយធំ ហើយក៏ឈានដល់ការចាប់ខ្លួនស្រ្តីសង្ស័យ។
ស្រីស្អាតជាជនសង្ស័យមាន៖ ១-ឈ្មោះ លាង ឩសភា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅអាគារកាសុីណូ ហូលីដេ ភូមិក្បាកស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត មុខរបរបុគ្គលិកកាសុីណូ ។២-ឈ្មោះ សៀប ម៉ាយ៉ា អាយុ ២០ ឆ្នាំ ជនជាតិខ្មែរអិ:ស្លាម ស្នាក់នៅភូមិនិងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរលក់ខោអាវ ។

វត្ថុតាងដែលចាប់បានរួមមាន៖ ម្សៅក្រាមចំនួន១៩ថង់តូច និង១ថង់ធំ ថ្នាំគ្រាប់អុិកស្តាសុី ១៥គ្រាប់ កូនដបដែលមានវត្ថុរាវនៅក្នុងដបចំនួន៧ដប សំបកថង់ប្លាស្ទិក និងឩបករណ៍ប្រេីប្រាស់ថ្នាំញៀនមួយចំនួន។ ស្រ្តីសង្ស័យនិងវត្ថុតាងកំពុងត្រូវបានចាប់ញ្ជូន និងឃាត់ខ្លួនសាកសួរនៅស្នងការដ្ឋាននគរាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕