កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះសារលើហ្វេសប៊ុកថាលោកបានបញ្ជាឱ្យស្រង់ឈ្មោះមន្រ្តីនគរបាលណាដែលទៅយាមផ្ទះ ឬទៅការពារឧកញ៉ា ដើម្បីដឹងថាតើពួកគាត់មានការអនុញ្ញាតឬទេ។

ប្រភពដដែលបានបន្តទៀតថា ការចេញបញ្ជានេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ការគ្រប់គ្រងការប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងមធ្យោបាយ ។ ឯកឧត្តមបានបន្តទៀតថា ៖
០១- ត្រូវយកចិត្តទុកដាក់ពង្រឹង ឱ្យបានម៉ឺងម៉ាត់អំពីការគោរពវិន័យ ពេលម៉ោងការងាររដ្ឋបាលដែលបានកំណត់ ដោយពេលព្រឹកចាប់ពីម៉ោង០៧ព្រឹក ដល់ម៉ោង១១និង៣០នាទី ហើយពេលល្ងាចម៉ោង១៤ ដល់ម៉ោង១៧:៣០នាទី។
០២- ត្រូវស្នើសុំច្បាប់ឈប់សម្រាកជាលាយល័ក្ខអក្សរឱ្យបានត្រឹមត្រូវ ។
០៣- និងហាមដាច់ខាតការយកមន្រ្តីនគរបាលជាតិទៅប្រចាំការការពារកន្លែងកម្សាន្ត ជាពិសេសក្លឹបកម្សាន្ត ខារ៉ាអូខេ និងកាស៊ីណូជាដើម៕