ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយដែលបានបណ្តាលឲ្យរថយន្តនោះក្រឡាប់ផ្ងារជើង ។

តាមប្រភពពីសមត្ថកិច្ចស្រុកស្វាយលើបានឲ្យដឹងថា កាលពីម៉ោង២រសៀល ត្រង់ចំណុចផ្លូវថ្មី ចុះពីភ្នំគូលែន ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប មានគ្រោះថ្នាក់មួយដែលសង្ស័យថាដាច់ហ្រ្វាំង រួចក៏ក្រឡាប់ផ្ងារជើង ។
ប្រភពដដែលបានបន្តទៀតថាចំពោះករណីខាងលើពុំបានបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ប៉ុន្តែអ្នកដំណើរក្នុងរថយន្តនោះ ទទួលរងរបួសជាច្រើននាក់ ។

ក្រោយការកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះសម្រាក ព្យាបាលនៅមន្ទីរពេទ្យ រីឯរថយន្តខាងលើ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក និងដោះស្រាយតាមនីតិវិធី ។