ទស្សនាកម្សាន្តនៅលំហអវកាសបង្កើតឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍គ្រាប់រ៉ុក្កែត ប៊្លូ អូរីជីន (Blue Origin) របស់កំពូលមហាសេដ្ឋីអាមេរិក នឹងចាប់ផ្តើមដាក់លក់សំបុត្រក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC News ចុះថ្ងៃទី០៥ ខែឧសភានេះ។

តាមសម្តី CEO របស់ក្រុមហ៊ុន Blue Origin បានឱ្យដឹងថា ខ្លួននឹងចាប់ផ្តើមការលក់សំបុត្រសម្រាប់ដំណើរទស្សនា នៅទីអវកាសក្នុងពេលឆាប់ៗ ក្រោយពីចំណាយពេលរាប់ឆ្នាំក្នុងការអភិវឌ្ឍ និងធ្វើតេស្តយានអវកាសរបស់ខ្លួន ហើយសម្រាប់ការទៅធ្វើដំណើរទស្សនាកម្សាន្តនៅលំហអវកាស តាមរយៈយានអវកាស ញូ ហ្សេភើដ (New Shepard)។

ប្រភពដដែលបានបន្តទៀតថា យានអវកាស New Shepard របស់ក្រុមហ៊ុន Blue Origin ដែលមានលក្ខណៈរួមផ្សំបញ្ចូលគ្នាតែម្តង រវាងយានសម្រាប់ជិះធ្វើដំណើរ និងគ្រាប់រ៉ុក្កែត ត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនអ្នកដំណើរ បានសរុបចំនួន ០៦នាក់ ដោយស្វ័យប្រវត្តិ ឡើងទៅកាន់រយៈកម្ពស់ជាង ១០០គីឡូម៉ែត្រពីផ្ទៃផែនដី ដែលល្មមអាចឲ្យភ្ញៀវទេសចរនៅក្នុងយានអវកាស អាចទទួលបានបទពិសោធន៍ នៅក្នុងបរិស្ថានដែលគ្មានកម្លាំងទំនាញ និងមើលឃើញរាងកោងនៃភពរបស់យើង មុនពេលយាន New Shepard ចុះមកផ្ទៃផែនដីវិញដោយប្រើឆ័ត្រយោង៕

គួររំលឹកថា កាលពីប៉ុន្មានឆ្នាំមុន ធ្លាប់មានការរាយការណ៍ថា តម្លៃសំបុត្រនោះថ្លៃយ៉ាងហោច ២សែនដុល្លារ សម្រាប់អ្នកដំណើរម្នាក់ ដូច្នេះតើបងប្អូនកម្ពុជាទាំងអស់គ្នាហ៊ានជិះអត់? ប្រសិនហ៊ាន ឬមិនហ៊ានសូមComment នៅខាងក្រោម៕