ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ Henry C. Theriault ប្រធានអង្គសន្និសីទអន្តរជាតិ នៃអ្នកស្រាវជ្រាវជាន់ខ្ពស់ពីអំពើប្រល័យពូជសាសន៍ បានធ្វើសន្និសីទមួយ និងបានសម្តែង “ភាពខ្មាស់អៀននិង សូមអភ័យទោសពីពលរដ្ឋខ្មែរ ចំពោះការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកមកលើប្រទេសកម្ពុជា” ចាប់ពីឆ្នាំ១៩៦៩ ដល់ដើមទសវត្សរ៍៧០ ។

លោកបណ្ឌិត Henry ជាជនជាតិអាមេរិក និងជាប្រធានសមាគមអន្តរជាតិនៃអ្នកស្រាវជ្រាវជាន់ខ្ពស់ពីអំពើប្រល័យពូជសាសន៍បាននិយាយថា “សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកចំនួន២,៧លានតោនមកលើប្រទេសកម្ពុជា លើសពីចំនួនគ្រាប់បែកដែលបានទម្លាក់នៅជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទី២ (រួមទាំងនៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី) ជិតមួយលានតោន។
ក្នុងអំឡុងពេលបួនឆ្នាំ (១៩៦៩ ដល់ ១៩៧៣) ប្រជាពលរដ្ឋខ្មែរប្រហែល៣០ភាគរយ នៅទូទាំងប្រទេសត្រូវបានផ្លាស់ទីលំនៅ ដើម្បីគេចចេញពីវិនាសកម្មការទម្លាក់គ្រាប់បែករបស់អាមេរិក” ។
មានប្រសាសន៍បែបនេះរហូតដល់ ទៅពីរដងក្រោយពីមកដល់ទីក្រុងភ្នំពេញតែប៉ុន្មានម៉ោងប៉ុណ្ណោះ ប៉ុន្តែលោកបានបញ្ជាក់ថា ការលើកឡើងរបស់លោកធ្វើឡើងក្នុងនាមជាពលរដ្ឋអាមេរិកមួយរូប មិនតំណាងឱ្យអង្គសន្និសីទទាំងមូល ឬ រដ្ឋាភិបាលអាមេរិកនោះទេ។
គាត់បានបន្តទៀតថា ក្រៅពីសូមអភ័យទោសពលរដ្ឋខ្មែររឿងអតីតកាល ក៏បានធ្វើការចាប់អារម្មណ៍ផងដែរ ពីទុក្ខលំបាក និងសោកនាដកម្មនានា ដែលកើតចេញពីរបបប្រល័យពូជសាសន៍។

រីឯលោកបណ្ឌិត Kenneth Dunn ប្រធានសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បានថ្លែងថា ៖ កាលពី៤០ឆ្នាំមុន កម្ពុជាជាកន្លែងដែលត្រូវបានបំផ្លិចបំផ្លាញ ស្ទើរគ្មានសល់។ ថ្ងៃនេះយើងសូមស្វាគមន៍អ្នកក្នុងនាមជាប្រទេសកម្ពុជាថ្មី ដែលបានក្លាយជាគំរូមួយអំពីរបៀបដែលប្រទេសមួយនេះ អាចកសាងលើគំនរផេះផង់ កាលពីអតីតកាលដ៏សោកសៅ ដើម្បីអនាគតថ្មីប្រកបដោយសុទិដ្ឋិនិយម ។

គួរបញ្ជាក់ផងដែលថា ការរៀបចំសន្និសីទអន្តរជាតិរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ ១៧ ខែកក្កដា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដោយមានកិច្ចសហការរួមគ្នាជាមួយសាកលវិទ្យាល័យ Rutgers University មកពីសហរដ្ឋអាមេរិក ដែលក្នុងនោះ មានក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ជិត៥០០នាក់ មកពីទូទាំងពិភពលោក ពេលនេះបានឆ្លុះបញ្ចាំងពីលំហូរ នៃសេរីភាពការបញ្ចេញមតិដ៏ទូលំទូលាយនៅប្រទេសកម្ពុជា និងជាការឆ្លុះបញ្ចាំងពីភាពរីកចម្រើនពីវិសាលភាព និងពីគុណភាពអប់រំ ដែលគេស្ទើរពុំជឿមុនពេលមកដល់ទឹកដីកម្ពុជា។