ភ្នំពេញ៖ ជនសង្ស័យ០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យធ្វើការឃាត់ខ្លួន ក្រោយរកឃើញថាពួកគេទាំង២នាក់បានលួចកូពីប័ណ្ឌចាក់វ៉ាក់សាំងលក់ជូនពលរដ្ឋ ដើម្បីយកទៅប្រើប្រាស់ ។

តាមប្រភពសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ ឈ្មោះ ស៊ុន ចាន់ថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរគ្រូបង្រៀនសាលាអាស៊ីអឺរុប និងកូពីឯកសារ ស្នាក់នៅស្ថិតនៅចំណុចផ្ទះជួល ក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ និងម្នាក់ទៀតមានឈ្មោះ ចាយ វ៉ារិន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរថតរូប និងហ្វូតូកូពី ស្នាក់នៅផ្ទះ៣១៩ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ។ ពួកទាំងពីរនាក់ត្រូវ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យធ្វើការឃាត់ខ្លួន ក្រោយពួកគេទាំង០២នាក់លួចកូពីប័ណ្ឌចាក់វ៉ាក់សាំងលក់ជូនពលរដ្ឋ ដើម្បីយកទៅប្រើប្រាស់ ។

ប្រភពដដែលបានបន្តទៀតថា ដំបូងឡើយ គឺមានពលរដ្ឋ៣នាក់ ( ប្រុស២នាក់ ស្រីម្នាក់ ) បានទៅចាក់វ៉ាក់សាំងនៅសាលាបឋមសិក្សាស្ទឹងមានជ័យ ដោយបានយកប័ណ្ឌចាក់វ៉ាក់សាំង ( កូពី ) ដែលបានទិញពីជនសង្ស័យខាងលើយកទៅបង្ហាញគ្រូពេទ្យ ដើម្បីទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ។ លុះពេលគ្រូពេទ្យពិនិត្យមើលឃើញថា ប័ណ្ឌស្នើរសុំចាក់វ៉ាក់សាំងនោះជាឯកសារហ្វូតូកូពី ដែលពុំមែនជាឯកសារត្រឹមត្រូវតាមច្បាប់នោះក៏ទាក់ទងអោយកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ដែលប្រចាំការការពារនៅទីតាំងចាក់វ៉ាក់សាំងធ្វើការឃាត់ខ្លួនសួរនាំ ។

ក្រោយការសាកសួរនាំរួចមកពលរដ្ឋទាំង៣នាក់ក៏បានឆ្លើយបញ្ជាក់ថា ប័ណ្ឌចាក់វ៉ាក់សាំងនោះ គឺពួកគេមិនបានលួចកូពីដោយខ្លួនឯងនោះទេ គឺមានអ្នកកូពីលក់អោយក្នុងតម្លៃ ១០០០រៀល ឬ២០០០រៀល តាមជាក់ស្តែង ។

ទន្ទឹមនឹងនោះ អ្នកទាំង៣ ក៏ពុំដឹងថាប័ណ្ឌកូពីជាប័ណ្ឌដែលមិនអាចប្រើប្រាស់បាននោះដែរ បើដឹងថាខុសហ្នឹងច្បាប់ម្លោះហើយ អ្នកទាំង៣ក៏មិនធ្វើដែរ ។ ហើយចំពោះមូលហេតុដែលសុខចិត្តចំណាយលុយទិញប័ណ្ឌកូពីពីគេនោះ គឺដោយសារឃើញមានមនុស្សច្រើនពេកទៅសុំប័ណ្ឌដល់ផ្ទះមេភូមិ ម្យ៉ាងខ្ជិលខាតពេលវេលាផងក៏សម្រេចទិញគេតែម្តងទៅ ។

ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពទទួលស្គាល់ថា ពួកគេពិតជាបានធ្វើសកម្មភាពកូពីប័ណ្ឌចាក់វ៉ាក់សាំងលក់ជូនពលរដ្ឋ ដើម្បីយកទៅប្រើប្រាស់ប្រាកដមែន ដោយក្នុងនោះ ឈ្មោះ ស៊ុន ចាន់ថា លក់ក្នុងតម្លៃ២០០០រៀល ក្នុងមួយច្បាប់ និងម្នាក់ទៀតឈ្មោះ ចាយ វ៉ារិន លក់ក្នុងតម្លៃ១០០រៀលក្នុងមួយច្បាប់ ។

គួរបញ្ជាក់ផងដែរថា ក្រោយធ្វើការសាកសួរនាំ និងទទួលស្គាល់នូវកំហុសដែលបានប្រព្រឹត្តិរួចមក សមត្ថកិច្ចខណ្ឌមានជ័យបានធ្វើការអប់រំណែនាំ និងបានអោយបុគ្គលទាំង២នោះ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះបន្តទៅមុខទៀត បន្ទាប់មកក៏បានអនុញ្ញាតឱ្យពួកគេត្រលប់ទៅផ្ទះវិញ៕