(បាងកក)៖ គិតត្រឹមរយៈពេល២៤ម៉ោងនេះ ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២,១១២នាក់ ខណៈមានអ្នកស្លាប់១៥នាក់ទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Time នៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១។

អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលថៃបានឱ្យដឹងថា អ្នកឆ្លងជំងឺ COVID-19 ចំនួន ២,១១២នាក់ត្រូវបានរកឃើញ និងអ្នកជំងឺ ១៥នាក់ទៀតស្លាប់នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ នៅក្នុងប្រទេសថៃ ខណៈស្ថានការណ៍រាតត្បាតជាក់ស្តែង គឺហាក់ដូចជាកំពុងស្ថិតក្នុងការគ្រប់គ្រងហើយ។

ប្រភពដដែលបានបន្តទៀតថាទីក្រុងបាងកកនៅតែជាតំបន់ដែលមានអ្នកឆ្លងច្រើនជាងគេរហូតដល់ ៧៨៩នាក់នាក់ ខណៈខេត្តណុនថាបុរីមាន ២៤៩នាក់ ខេត្តសាមុតប្រាកាន ២២៦នាក់ និងខេត្តឈុនបុរី ១១០នាក់។ ដោយឡែកក្នុងចំណោមករណីវិជ្ជមាន COVID-19 ទាំង ២,១១៦នាក់នេះ មានតែ ០៥នាក់ប៉ុណ្ណោះ ជាករណីនាំចូលមកពីក្រៅប្រទេស។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៥ ខែឧសភានេះ ថៃមានអ្នកឆ្លងជំងឺកូវីដ១៩សរុបកើនដល់៧៤,៩០០នាក់ អ្នកជាសះស្បើយវិញ ៤៤,៣៦០នាក់ និងស្លាប់ ៣១៨នាក់ ខណៈអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ៣០,២២២នាក់៕