កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នេះ បើយោងតាមបទសម្ភាសន៍មួរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Anotny Blinken ជាមួយនឹងទីភ្នាក់ងារសារព៍ត៌មាន CBS News បានឲ្យដឹងថា ប្រទេសចិនថ្មីៗនេះ បានធ្វើសកម្មភាពកាន់តែហួសហេតុនៅបរទេស (សមុទ្រចិនខាងត្បូង) និងមានឥរិយាបទក្នុងបែបជាបច្ចាមិត្តខ្លាំងឡើងៗ។

ឆ្លៀតក្នុងឱកាសនៃបទសម្ភាសន៍ខាងលើ CBS News បានចោទសួរទៀតថា ជាមួយនឹងឥរិយាបទរបស់ប្រទេសចិនបច្ចុប្បន្ន តើទីក្រុងវ៉ាស៊ីនតោននឹងប្រឈមមុខដាក់គ្នាដោយយោធាជាមួយទីក្រុងប៉េកាំងដែរ ឬ ទេ ? លោករដ្ឋមន្ត្រីការបរទេសខាងលើក៏បានឆ្លើយតបវិញភ្លាមៗថា វាប្រឆាំងជាខ្លាំងចំពោះផលប្រយោជន៍ទាំងចិន និងសហរដ្ឋអាមេរិក ចំពោះការឈានដល់ចំណុចនោះ ឬ ក៏ឆ្ពោះទៅក្នុងទិសដៅនោះ។

យ៉ាងណាមិញបើយោងតាមការផ្សាយផ្សេងទៀតរបស់សារព័ត៌មាន RTE កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ លោក Anotny Blinken បាននិយាយថា អ្វីដែលយើងបានឃើញអំឡុងពេលជាច្រើនឆ្នាំកន្លងមកនេះ គឺប្រទេសចិនផ្ទាល់កំពុងធ្វើសកម្មភាពបង្ក្រាបកាន់តែខ្លាំងឡើងនៅក្នុងប្រទេសចិន និងរំលោភលើព្រំដែនសមុទ្រនៅបរទេសផងដែរ។

គួរបញ្ជាក់ផងដែរថា ថ្មីៗកន្លងមកនេះ លោកប្រធានាធិបតី ចូ បៃដិន បានមានប្រសាសន៍ថា ប្រទេសចិនខ្វះខាតការប្តេជ្ញាការពារកម្មសិទ្ធិបញ្ញាអាមេរិក នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងចិនដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២០៕