រាជធានីភ្នំពេញ : នៅយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានស្នើបណ្តេញយោធិន (អាវុធហត្ថ) ម្នាក់ ចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសារតែយោធិនរូបនេះ មិនគោរពតាមបទបញ្ជារបស់មេកើយ ឈប់សម្រាកមិនសុំច្បាប់ និងត្រូវរកឃើញថា បានចូលទៅតំបន់ក្រហមដោយគ្មានការអនុញ្ញាត។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់អាវុធហត្ថរូបនេះ គឺមានឈ្មោះនៅក្នុងកម្លាំងបេសកកម្មបិទខ្ទប់រាជធានីភ្នំពេញ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ប៉ុន្តែបុគ្គលរូបហ្នឹង មិនគោរពវិន័យរបស់កងយោធពលខេមរភូមិន្ទទេ នៅពេលដល់ម៉ោង ដែលខ្លួនត្រូវយាម ខ្លួនមិនគោរពពេលវេលា ដោយបានធ្វើដំណើរ ដោយមិនបានសុំច្បាប់ប្រធានរបស់ខ្លួន បាត់មុខចេញពីខាងក្នុងអង្គភាព គាត់ទៅចោមចៅក្នុងតំបន់ក្រហម។ ពេលដល់ម៉ោងយាមប្រធានអង្គភាព ដាក់អ្នកផ្សេងយាមជំនួស…ដល់ម៉ោង៨ គាត់ចូលខ្លួនមកក្នុងអង្គភាព។ យើងសួរនាំទៅ គាត់ដែលគ្មានវិន័យបានចូលទៅតំបន់គ្រោះថ្នាក់ហ្នឹង ដែលកំពុងប្រឈមនឹងឆ្លងរាលដាលហ្នឹង ដូច្នេះក្នុងវិធានការទប់ស្កាត់ការរីករាលដាលការឆ្លងជំងឺកូវីដ១៩ ចូលមកក្នុងកងកម្លាំង… ការឆ្លងមួយ ឆ្លងពីរ ត្រូវធ្វើចត្តាឡីស័កអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល ១៤ថ្ងៃ ចឹងទេវិន័យរបស់កងកម្លាំង គឺដេញចេញ និងលុបឈ្មោះចេញពីកងយោធពលខេមរភូមិន្ទតែម្តង…»។នាយឧត្តមសេនីយ៍ សៅ សុខា បានគូសរំលេចថា សម្រាប់កងទ័ពត្រូវតែមានវិន័យ ហើយជំងឺកូវីដរឹតតែធ្វើឲ្យយើងមានវិន័យថែមទៀត ព្រោះបុគ្គលម្នាក់អាចបំផ្លាញអង្គភាពឲ្យរលាយបាន បើសិនមានការឆ្លង ដូច្នេះក្នុងនាមលោកជាមេបញ្ជាការ ដឹកនាំកម្លាំងបញ្ជាមួយរូប ត្រូវមានការទទួលខុសត្រូវចំពោះមុខប្រមុខរាជរដ្ឋាភិបាល ចំពោះមុខកងយោធពលខេមរភូមិន្ទ ចំពោះមុខប្រជាជន និងចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដោយមិនអាចបណ្តែតបណ្តោយឲ្យបុគ្គលទាំងនេះ នាំជំងឺមកបំផ្លាញកងកម្លាំង និងអង្គភាពបាននោះទេ ទោះបីជាមានការរិះគន់លោកដឹកនាំផ្តាច់ការក៏ដោយ គឺមិនអាចទទួលយកបាននោះទេ។
បើតាមនាយឧត្តមសេនីយ៍ បើសិនការនាំជំងឺមកចម្លងដល់អង្គភាព និងកងកម្លាំងផ្សេងទៀតនោះ នឹងអត់មានកម្លាំង ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលនោះឡើយ ក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដនេះ៕