ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បានចាប់បញ្ជូនជនសង្ស័យម្នាក់ ទៀតហើយ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅតុលាការចាត់ការតាមផ្លូវច្បាប់ ខណៈមិនអនុវត្តវិធានតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវហើយធ្វើដំណើរទៅខេត្តតាកែវ បង្កការឆ្លងរាលដាលជំងឺកូវីដ១៩ ទៅលើមនុស្ស០៥នាក់ និងមនុស្សជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាង១០០នាក់ថែមទៀត។
លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថា ការស្រាវជ្រាវស៊ើបបអង្កេតក្នុងសំណុំរឿងបុគ្គលមិនអនុវត្តតាមវិធានក្រសួងសុខាភិបាល បង្កឱ្យឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះទៅអ្នកដទៃ គឺក្រុមការងារគណៈកម្មាការអន្តរក្រសួង ដើម្បីប្រយុទ្ធកូវីដ១៩ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាម្ចាស់ករណីនៃការអនុវត្តចាប់បញ្ជូនជនសង្ស័យយកទៅអនុវត្តតាមនីវិធី។
លោកបានអោយដឹងទៀតថា ដំណើររឿងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យបានជិះម៉ូតូទៅជួបមិត្តភក្តិម្នាក់ ដែលបំរើការងារទូរទស្សន៍ខ្សែកាបផ្ទុកជំងឺកូវីដ១៩ នៅម្តុំផ្សារអូរប្ញស្សី និងបានបើកគម្របមួកសុវត្ថិភាព និយាយជាមួយគ្នា។ បន្ទាប់មកនៅថ្ងៃទី២២ ខែមីនា ក្រោយពីដឹងព័ត៌មានថា មិត្តភក្តិដែលបានជួបនិយាយគ្នានោះ វិជ្ជមានកូវីដ១៩ ជនសង្ស័យក៏បានទៅផ្តល់វត្ថុសំណាកវិភាគរកកូវីដ១៩លើកទី១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយគ្រូពេទ្យណែនាំឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ដោយដាក់ខ្លួនដាច់ដោយឡែកពីគ្រួសារ។ បន្ទាប់មកលទ្ធផលលើកទី១ អវិជ្ជមាន ។នៅថ្ងៃទី២៧ ខែមីនា បានបន្តធ្វើតេស្ថលើកទី២ នៅវិទ្យាល័យបឹងត្របែក លទ្ធផល អវិជ្ជមាន គ្រូពេទ្យណែនាំបន្តធ្វើចត្តាឡីស័ក ។ នៅថ្ងៃទី០២ ខែមេសា បានបន្តទៅធ្វើតេស្តនៅវិទ្យាល័យបឹងត្របែក ប៉ុន្តែនៅពេលនោះលទ្ធផលលើកទី៣ មិនទាន់ចេញនៅឡើយនោះទេ ដោយគ្រូពេទ្យតម្រូវឱ្យរងចាំហើយបន្តធ្វើចត្តាឡីស័ក។ ស្រាប់តែនៅថ្ងៃទី០៤ ខែមេសា មុនលទ្ធផលចេញមកជនសង្ស័យក៏បានជិះម៉ូតូឌុបប្រពន្ធចេញពីផ្ទះកន្លែងធ្វើចត្តាឡីស័ក ធ្វើដំណើរឆ្ពោះទៅផ្ទះម្តាយស្ថិតនៅភូមិ ព្រៃព្រុំ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ទៅមើលកូនឈឺ។ លុះនៅថ្ងៃទី០៥ ខែមេសា គ្រូពេទ្យទំនាក់ទំនងជនសង្ស័យប្រាប់ពីលទ្ធផលវិជ្ជមានកូវីដ១៩ ទើបដឹងថា ជនសង្ស័យបានទៅដល់ ខេត្តតាកែវបាត់ទៅហើយ។
លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខឱ្យដឹងទៀតថា នៅក្នុងអំឡុងដែលជនសង្ស័យធ្វើដំណើរទៅដល់ស្រុកកំណើត បានបង្កឆ្លងកូវីដ១៩ ដល់ប្រពន្ធ ម្តាយបង្កើត បងប្អូនបង្កើត និងជីនដូនមួយសរុប០៥នាក់ និងអ្នកជាប់ពាក់ព័ន្ធផ្ទាល់ ប្រយោលជាង១០០នាក់។ ជនសង្ស័យនៅរសៀលថ្ងៃដដែល ត្រូវបានចៅក្រមស៊ើបសួរ លោក កូយ សៅ បានបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនដាក់ពន្ធធនាគារជាបណ្តោះអាសន្នរងចាំបើកសវរការសម្រេចទោសពេលក្រោយ ដោយជនសង្ស័យរងការចោទប្រកាន់ពីបទគេចវេះពីការធ្វើចត្តាឡីស័ក ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៧ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕