រាជធានីភ្នំពេញ : បើយោងតាមសេចក្តីសម្រេចរបស់កិច្ចប្រជុំដែលបានរៀបចំឡើងនៅថ្ងៃទី៤ ខែឧសភាឆ្នាំ ២០២១នេះបានបញ្ជាក់ថាក្រោយពីបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងដើម្បីធានាបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់ កម្មករនិយោជិត និរន្តរភាពនៃផលិតកម្ម និងភាពអាចព្យាករណ៍បាននៃការផ្គត់ផ្គង់ទំនិញ ក៏ដូចជាចូលរួមទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ សហគ្រាស ជាពិសេសរោងចក្រ សហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប អង្គប្រជុំបានឯកភាពគ្នាជាឯកច្ឆ័ន្ទ ដូចខាងក្រោម៖
ក. វិធានការរដ្ឋបាលនៅពេលមានករណីវិជ្ជមាននៅតាមរោងចក សហគ្រាសអង្គប្រជុំតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បី កំណត់នូវលក្ខណវិនិច្ឆ័យក្នុងការផ្អាកជាបណ្តោះអាសន្ន និងការបើកដំណើរការឡើងវិញនូវរោងចក្រ សហគ្រាស ដែល មានកម្មករនិយោជិតឆ្លងជំងឺកូវីដ-១៩។
ខ.កិច្ចព្រមព្រៀងអំពីការបើកដំណើរការសកម្មភាពអាជីវកម្មឡើងវិញរបស់រោងចក សហគ្រាស ក្រោយបញ្ចប់ការបិទខ្ទប់ដោយវិធានការរដ្ឋបាល នៅពេលបើកដំណើរការសកម្មភាពអាជីវកម្មឡើងវិញ រោងចក្រ សហគ្រាស ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម៖
១. បែងចែកកម្មករនិយោជិតចំនួន៥០ភាគរយនៃកម្មករនិយោជិតសរុប ឱ្យធ្វើការឆ្លាស់វេនគ្នារៀងរាល់ ២សប្តាហ៍ ម្តង។ ការជ្រើសរើសកម្មករនិយោជិតដែលត្រូវចូលធ្វើការវេនទី១ (២សប្តាហ៍ដំបូង) គឺត្រូវផ្តល់អាទិភាពទៅលើ កម្មករនិយោជិតដែល (១) បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២, (២) បានចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ដូសទី១ (៣) មិនស្ថិតនៅក្នុងតំបន់ដែលតម្រូវឱ្យផ្ដល់សំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ ឬ (៤) បានផ្តល់សំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ (មានចុងលិខិតបញ្ជាក់ដោយក្រុមគ្រូពេទ្យមានសមត្ថកិច្ច យកសំណាក ឬដោយពេទ្យការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។
២. ផ្តល់ប្រាក់ឈ្នួលចំនួន ៥០ភាគរយ នៃប្រាក់ឈ្នួលអប្បបរមា (ប្រាក់ឈ្នួលអប្បបរមា បូកនឹងប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ប្រចាំខែផ្សេងៗ ដែលកម្មករនិយោជិតធ្លាប់ទទួលបាននាពេលកន្លងមក) ដោយរក្សា ទុកនូវអត្ថប្រយោជន៍ប្រចាំខែ និងអត្ថប្រយោជន៍ផ្សេងៗដូចជា ការថែមម៉ោងចំនួន ២ម៉ោងក្នុង១ថ្ងៃ និងការ ថែមម៉ោងនៅថ្ងៃអាទិត្យ ។ល។ របស់កម្មករនិយោជិត។
៣.ផ្តល់ម៉ាសយ៉ាងតិចចំនួន ១ ដល់កម្មករនិយោជិតនៅក្នុងអំឡុងម៉ោងការងារ និងត្រូវណែនាំឱ្យកម្មករនិយោជិត ពាក់ម៉ាសជាប្រចាំនៅក្នុងកន្លែងការងារ និងពេលប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ឬរួមគ្នា។
៤. រៀបចំឱ្យមានការបាញ់អាល់កុលលើដៃ និងដងខ្លួន ព្រមទាំងការវាស់កម្ដៅមុនពេលចូលធ្វើការ និងក្រោយ ពេលអាហារថ្ងៃត្រង់ បន្ថែមឧបករណ៍បាញ់អាល់កុលនៅក្នុងអាគារផលិតកម្ម និងសាប៊ូលាងដៃនៅក្នុង បន្ទប់ទឹក។ បាញ់អាល់កុលម្តងទៀតនៅពេលចេញពីធ្វើការ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ពេលប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ឬរួមគ្នា។
៥. បែងចែកវេនសម្រាប់ការបរិភោគអាហារថ្ងៃត្រង់របស់កម្មករនិយោជិតផ្សេងៗគ្នា និងរៀបចំឃាំងរនាំ (ប្រសិន បើអាច) ឬរក្សាបាននូវគម្លាតសុវត្ថិភាពនៅពេលអង្គុយបរិភោគអាហារថ្ងៃត្រង់ ព្រមទាំងលើកទឹកចិត្តឱ្យកម្មករ និយោជិតយកអាហារ ពីផ្ទះមករៀងៗខ្លួន ជៀសវាងការចេញទៅទិញអាហារនៅខាងក្រៅរោងចក្រ។