ឥណ្ឌា៖ នៅថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលឥណ្ឌាបានប្រកាសថា បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីសរុបចំនួន ៣៥៧,២២៩នាក់ និងអ្នកស្លាប់បាត់បង់ជីវិតចំនួន៣,៤៤៩នាក់ទៀត នៅក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើតឡើងដល់២០.៣លាននាក់ នៅទូទាំងប្រទេស។ នេះបើយោងតាមការដកស្រង់ពីសារព័ត៌មាន CNA។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកស្លាប់ដោយសារវីរុស covid-19 សរុបនៅប្រទេសឥណ្ឌាបានកើនដល់ ២២៤,៤០៨នាក់។ ខណៈក្រុមអ្នកជំនាញបានអះអាងថា ចំនួនអ្នកឆ្លងនិងស្លាប់ប្រចាំថ្ងៃអាចមានច្រើនជាងតួលេខដែលត្រូវបានប្រកាស ប្រសិនបើការធ្វើតេស្ដ និងរាប់ចំនួនអ្នកស្លាប់មានភាពលម្អិតជាងនេះ។

សូមជម្រាបជូនថា គិតចាប់តាំងពីចុងខែមីនា រហូតដល់ដើមខែឧសភានេះ ប្រទេសឥណ្ឌាបានបន្ថែមករណីឆ្លង Covid-19រហូតដល់ជាង៨លានករណី។ ការឆ្លងរីករាលដាលដ៏អាក្រក់បំផុតនៅត្រូវបានគេស្ដីបន្ទោសទៅលើ ការមិនអនុវត្តវិធានការបិទខ្ទប់ ការប្រារព្ធពិធីបុណ្យសាសនា ដែលមានរយៈពេលពេញមួយខែមេសា និងការជួបជុំនៃក្រុមអ្នកគាំទ្រគណបក្សនយោបាយ។

គិតមកត្រឹមពេលនេះ ពុំទាន់មានសញ្ញាបង្ហាញអំពីការធូស្រាលបន្ដិចឡើយ នៅក្នុងប្រទេសឥណ្ឌា ខណៈអ្នកជំងឺ COvid-19 ជាច្រើននៅតែគ្មានមន្ទីរពេទ្យ ខ្យល់អ៊ុកស៊ីសែន ដើម្បីសម្រាប់ព្យាបាល ដែលជាហេតុជំរុញឲ្យអ្នកជំងឺកាន់តែច្រើន ឈានទៅរកការបាត់បង់ជីវិតនៅក្រៅមន្ទីរពេទ្យ គួរឲ្យសង្វេគ៕

People lower the body of a man who died from the coronavirus disease (COVID-19) into a grave, during his funeral at a graveyard in New Delhi, India, April 23, 2021. REUTERS/Adnan Abidi