អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារទី០៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថាកំណាត់ផ្លូវរថភ្លើងលើអាកាសមួយ នៅក្នុងទីក្រុង Mexico បានបាក់រលំចុះមកក្រោមនៅពេលរថភ្លើងកំពុងធ្វើដំណើរឆ្លងកាត់ ដែលជាហេតុធ្វើឲ្យមនុស្សចំនួន១៣នាក់បានស្លាប់ និង៧០នាក់ទៀតរងរបួស។

លោក Alfonso Suarez del Real មន្រ្ដីជាន់ខ្ពស់នៃទីក្រុង Mexico បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ហេតុការខាងលើបានកើតឡើងនៅយប់ថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១នេះ (ពេលវេលានៅក្នុងតំបន់កើតហេតុ) បច្ចុប្បន្នក្រុមសង្រ្គោះកំពុងតែស្ថិតនៅនឹងកន្លែងកើតហេតុ ដើម្បីជួយសង្រ្គោះជនរងគ្រោះដែលជាប់គាំងក្នុងទូរថភ្លើង៕