ប្រទេសថៃ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលទីក្រុងបាងកកបានបើកកន្លែងសង្រ្គោះបន្ទាន់ (ICU) នៅតាមទីវាលដំបូងបង្អស់ដែលហៅថាមន្ទីរពេទ្យ Eranwan 3។ នេះបើតាមការដកស្រង់ ពីការចេញផ្សាររបស់សារព័ត៌មានថៃ The Nation។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ពហុកីឡដ្ឋាន Chanloem Phra Kiat ដែលស្ថិតនៅក្នុងស្រុក Thung Khru ត្រូវបានប្ដូរទៅជាមន្ទិរពេទ្យនៅតាមទីវាល ហើយវាអាចផ្ទុកអ្នកជំងឺបានរហូតដល់ ៤៣២នាក់។ មន្ទីរពេទ្យខាងលើ មានគ្រូពេទ្យជំនាញវេជ្ជសាស្រ្ដ រួមទាំងបំពាក់ជាមួយឧបករណ៍ដែលអាចមើលថែអ្នកជំងឺ Covid-19 ដែលមានរោគសញ្ញាធ្ងន់ធ្ងរ រួមទាំងម៉ាស៊ីន X-ray ថតសួត, ប្រដាប់វាស់កម្រិតអុកស៉ីសែនក្នុងឈាម និងបណ្តាញថែទាំសុខភាពពីចម្ងាយគ្រប់ជ្រុងជ្រោយផងដែរ។

សូមជម្រាបជូនថា ចាប់តាំងពីរលកថ្មីនៃជំងឺ COVID-19 ផ្ទុះឡើងនៅខែមីនាកន្លងទៅទីក្រុងបាងកកត្រូវបានរកឃើញថាមានការកើនឡើងយ៉ាងខ្លាំងនូវចំនួនអ្នកជំងឺដែលមានរោគសញ្ញាពីមធ្យមទៅធ្ងន់ធ្ងរប្រហែល ១៤ភាគរយនៃអ្នកជំងឺសរុបដែលត្រូវបានរាយការណ៍។

សូមបញ្ជាក់ថា ក្រោយបូកបញ្ចូលតួលេខថ្មីៗខាងលើ នាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសថៃ កើនឡើងដល់ ៧២,៧៨៨ករណី និងអ្នកស្លាប់សរុបកើនឡើងដល់ ៣០៣នាក់ គិតចាប់តាំងពីមានការផ្ទុះឡើង នូវការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីដើមឆ្នាំ២០២០៕