ខេត្តសៀមរាប៖ បុរសចិត្តខ្មៅយកសាំងដុត​ ប្រពន្ធ កូន និងផ្ទះរួចដុតសម្លាប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កើតឡើងកាលពីវេលា០៩:៣០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។

តាមសម្តីរបស់សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយជនសង្ស័យឈ្មោះ គង់ ចំណាន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កម្មករសំណង់បានទិញសាំងចំនួន០២ដប មកចាក់ដុតផ្ទះជនរងគ្រោះដោយចាក់ សោរទ្វារខាងក្នុងផ្ទះ ហើយប្រពន្ធឈ្មោះជី ស្រីមុំ អាយុ៣៣ឆ្នាំ និងកូនតូចម្នាក់ឈ្មោះ សុបិន្ត មេត្តា ភេទប្រុសអាយុ០២ខែក៍នៅលើផ្ទះទាំងអស់ បណ្តាលឲ្យ មនុស្ស៣ស្លាប់(ជនបង្ក ប្រពន្ធ និងកូន)។

ឆេះផ្ទះទំហំ ៦,៥x៩ម៉ែត្រថ្មក្រោម ឈើលើ ប្រក់ក្បឿង ជញ្ជាំងក្ដារកំពស់ ០៤មែត្រនិងខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង ។
សរុបការខូចខាតបាត់បង់ទាំងអស់រួមមាន៖
– មាសចំនួន០៣តម្លឹង
– ផ្លាកទីន០២ជី
– ប្រាក់ដុល្លា ១០០០$ប្រាក់ខ្មែរ ៣.៤០០.០០០ (បីលានសែសិបម៉ឺនរៀល)

ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង :
– រថយន្តអគ្គិភ័យស្នងការខេត្តចេញអន្តរាគមន៍០២គ្រឿង​ ប្រើទឹកអស់០២ឡាន
– រថយន្តអគ្គិភ័យអធិការដ្ឋាននគរបាលស្រុកពួកចេញអន្តរាគមន៍០១គ្រឿង ប្រើទឹកអស់០២ឡាន

សមត្ថកិច្ចបានបញ្ជាក់ថា រឿងនេះកើតចេញពីទំនាស់ក្នុងក្រុមគ្រួសារ រវាងប្ដីប្រពន្ធ រស់នៅមិនចុះសម្រុងនឹងគ្នា៕