(ខេត្តព្រះវិហារ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារចេញមកបកស្រាយ ជុំវិញករណីមន្រ្តីនគរបាលម្នាក់បាញ់គោប្រជាពលរដ្ឋបណ្តាលឱ្យងាប់ចំនួន០២ក្បាល ក្រោយពីមានការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយ។

យោងតាមការបកស្រាយរបស់សមត្ថកិច្ចឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្ត មានកិត្តិយសសូមជម្រាបជូនបណ្តាញសារព័ត៌មាន និងសាធារណៈជនដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម (Facebook) មេត្តាជ្រាបថា៖ ថ្មីៗនេះមានសារព័ត៌មានឈ្មោះ MTV ONLINE បានចុះផ្សាយករណីមន្រ្តីនគរបាលស្រុកឆែបម្នាក់បានបាញ់គោប្រជាពលរដ្ឋបណ្តាលឱ្យងាប់ចំនួន០២ក្បាល នៅក្នុងចំការដំឡូង និងស្រូវពង្រស់របស់ខ្លួនពិតប្រាកដមែន។

កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី នៅចំណុចស្រែប្រឡាយដូនណាង ស្ថិតនៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ លោកអនុសេនីយ៍ទោ អៀ គាវាសនា ហៅ ពែ អាយុ៣៤ឆ្នាំ អត្តលេខ៦១២១១ ជានាយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឆែប បានចេញពីអង្គភាព នៅវេលាម៉ោង១១និង០០នាទី ក៏បានឆ្លៀតទៅធ្វើរបងចំការនៅកន្លែងកើតហេតុខាងលើ ពេលនោះបានឃើញហ្វូងគោកំពុងចូលលុកលុយស៊ីស្រូវ និងដំឡូងរបស់ខ្លួន ឃើញដូច្នោះក៏បានទៅយកអាវុធ AK47 ពីក្នុងឡានបាញ់ចំនួន០៣គ្រាប់ តែស្អុយ០១គ្រាប់ បណ្តាលឱ្យគោងាប់ចំនួន០២ក្បាលនៅក្នុងចំការ ដែលគោចំនួន០២ក្បាលនោះ ត្រូវជាកម្មសិទ្ធរបស់ឈ្មោះ រឹម សៀក ជាប្រជាពលរដ្ឋរស់នៅភូមិឃុំកើតហេតុខាងលើ។

ដោយហេតុថាហ្វូងគោនេះ បានចូលលុកលុយស៊ីស្រូវ និងដំឡូងទាំងយប់ទាំងថ្ងៃជាច្រើនដងមកហើយ ហើយក៏បានជម្រាបជូនមេភូមិមេឃុំជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចាប់ចងគោក្របី ពីព្រោះរដូវនេះ ជារដូវប្រជាពលរដ្ឋធ្វើស្រែចំការហើយ។

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២១និង០៣នាទី នៅផ្ទះឈ្មោះ រឹម សៀក (ត្រូវជាប្រពន្ធ
លោក ផេង សុផល) ជាម្ចាស់គោដែលងាប់ចំនួន០២ក្បាលនោះ។ ដោយបានព្រមព្រៀងស្រុះស្រួលគ្នាជាមួយម្ចាស់គោទទួលយកសំណងពីលោកអនុសេនីយ៍ទោ អៀ គាវាសនា ចំនួន៥,០០០,០០០រៀល (ប្រាំលានរៀល) ដើម្បីបញ្ចប់រឿង។ ដោយឡែកលោកអនុសេនីយ៍ទោ អៀ គាវាសនា ហៅ ពែ ត្រូវបានលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តចេញសេចក្តីសម្រេចលេខ៧៦/២១ ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ស្តីពីការផ្អាកការងារបណ្តោះអាសន្នមន្រ្តីនគរបាលជាតិរូបនេះ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិចាប់ពីពេលនេះតទៅ។

អាស្រ័យដូចបានជម្រាបជូនលោកនាយក MTV ONLINE ដែលបានចុះផ្សាយករណីនេះកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ និងសាធារណៈជនអ្នកសារព័ត៌មាន ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម (Facebook) មេត្តាជ្រាបជាព័ត៌មាន៕