ប្រទេសថៃ : នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នាព្រឹកថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលឱសថ និងចំណីអាហាររបស់ថៃ (FDA) បានគូសបញ្ជាក់់ថា គិតត្រឹមពេលនេះប្រទេសថៃ បានអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនបរទេសចំនួន ០៣រួចទៅហើយ ក្នុងនោះមានដូចជា វ៉ាក់សាំងអង់គ្លេស AstraZeneca, វ៉ាក់សាំងចិន Sinovac និងវ៉ាក់សាំំងអាមេរិក Johnson & Johnson។
បើតាម FDA ពេលនេះវ៉ាក់សាំងទី ៤ គឺ Moderna របស់សហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងការត្រួតពិនិត្យ និងត្រៀមធ្វើការអនុម័ត ហើយវានឹងត្រូវនាំចូលតាមរយៈក្រុមហ៊ុន ស្វែលលីក ហ្វាម៉ា (Zuellig Pharma) ដែលបានដាក់ពាក្យសុំការអនុញ្ញាត ពីរដ្ឋាភិបាលរួចរាល់ហើយ។
ដោយឡែកវ៉ាក់សាំងបង្ការ COVID-19 អភិវឌ្ឍឡើងដោយឥណ្ឌា COVAXIN និងវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ក៏កំពុងស្ថិតក្នុងការត្រៀមអនុម័តផងដែរ ដោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបញ្ចប់ យ៉ាងហោចណាស់នៅក្នុងរយៈពេល ៣០ថ្ងៃទៀត។ FDA បានសង្កត់ធ្ងន់ទៀតថា ប្រទេសថៃនឹងព្យាយាមត្រួតពិនិត្យ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពវ៉ាក់សាំងទាំងនេះ ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅរួច ដោយយោងទៅតាមស្តង់ដារអន្តរជាតិ នៃការអនុម័តវ៉ាក់សាំង៕