ខេត្តតាកែវ៖ អាជ្ញាធរសម្រេចបិទរោងចក្រ០៤ក្រុមហ៊ុន មិនឱ្យដំណើរការបណ្តោះអាសន្ន ដើម្បីឱ្យកម្មករនិយោជិតចំនួន ១២០០នាក់ ត្រូវធ្វើតេស្តរកវីរុសកូវីដ១៩ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ។ រោងចក្រទាំង០៤នេះមានទីតាំងស្ថិតនៅឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ខេត្តតាកែវ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា អាជ្ញាធខេត្តបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវក្រុមហ៊ុនរោងចក្រចំនួន០៤ រួមមាន៖ទី១ ក្រុមហ៊ុនលូន វៃ ថេកស្តាយ មានកម្មករកម្មការិនី សរុបចំនួន១៩នាក់ ។ ទី២ ក្រុមហ៊ុនលីនតុន មេនូហ្វេកធើរីង មានកម្មករកម្មការិនី សរុបចំនួន ២៧៨នាក់។ ទី៣ ក្រុមហ៊ុន ភីវី អ៊ុនដាសស្ទ្រី ខេមបូឌា មានកម្មករកម្មការិនី សរុបចំនួន ៧៦៤ និងទី៤ ក្រុមហ៊ុនហួរ លីមី ខេមបូឌា មានកម្មករ កម្មការិនី សរុបចំនួន១៤០នាក់។ សរុបទាំងអស់មានកម្មករ កម្មការិនី ចំនួន១២០០នាក់។

ប្រភពខាងលើបន្តទៀតថា ការសម្រេចផ្អាកជាបណ្តោះអាសន្ននេះគឺអាជ្ញាធរចង់ឱ្យកម្មករនិយោជិតចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីមកធ្វើសំណាកស្វែងរកអ្នកដែលមានផ្ទុកវីរុសកូវីដ១៩ និងអ្នកដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោជាមួយអ្នកមានវិជ្ជមានកូវីដ១៩។

គួរបញ្ជាក់ថា ក្រោយបិទបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ រោងចក្រទាំង០៤ក្រុមហ៊ុនខាងលើនេះ នឹងអាចដំណើរការឡើងជាធម្មតាវិញ៕