រដ្ឋបាលខណ្ឌដូនពេញ បញ្ជារឱ្យបញ្ឈប់ការដាក់តាំងលក់រថយន្តនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈក្នុងមូលដ្ឋានខណ្ឌដូនពេញ។

យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា កន្លងមកអាជ្ញាធរបានចុះអនុវត្តការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈបានស្អាតជាប្រចាំ ប៉ុន្តែនៅក្រោយពេលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញមក រដ្ឋបាលខណ្ឌបានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច បានយករថយន្តមកដាក់តាំងលក់នៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលធ្វើឲ្យបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបណ្តាលឲ្យមានការកកស្ទះចរាចរណ៍តាមដងផ្លូវយ៉ាងខ្លាំង។

ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងជាប្រយោជន៍សាធារណៈ រដ្ឋបាលខណ្ឌដូនពេញ សម្រេចដាក់ចេញជាគោលការណ៍ដូចខាងក្រោម៖
១.មិនអនុញ្ញាតឱ្យមានការដាក់តាំងលក់ និងចតរថយន្តគ្រប់ប្រភេទនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ជាដាច់ខាតចាប់ពីពេលនេះតទៅ។
២.រដ្ឋបាលខណ្ឌដូនពេញទុករយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០២១ ដើម្បីឱ្យលោក-លោកស្រីយករថយន្តចេញពីទីតាំងខាងលើនេះជាកំហិត។
៣.ក្នុងករណី លោក-លោកស្រី នៅតែមិនអនុវត្តតាមសេចក្តីជូនដំណឹង ក៏ដូចជាការណែនាំរបស់រដ្ឋបាល ខណ្ឌដូនពេញទេ នោះរដ្ឋបាលខណ្ឌដូនពេញនឹងចុះអនុវត្តវិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូចខាតបាត់បង់ទ្រព្យសម្បត្តិលោក-លោកស្រីឡើយ។

ទទួលបានសេចក្ដីជូនដំណឹងនេះ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោក-លោកស្រី នឹងសហការជាមួយរដ្ឋបាលខណ្ឌដូនពេញ ក្នុងការអនុវត្តន៍ឱ្យមានប្រសិទ្ធភាព និងចាត់ចែងតាមការគួរ ៕