នៅល្ងាចថ្ងៃទី០៩ ខែមិថុនា អាជ្ញាធរខេត្តកំពង់ឆ្នាំផ្អាកការធ្វើដំណើរតាមរថយន្តតាក់ស៊ីក្នុងក្រុងកំពង់ឆ្នាំង ក្រោយរកឃើញករណីឆ្លងកូវីដ១៩។

យោងតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា បច្ចុប្បន្ននេះជំងឺកូវីដ១៩ កំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង ឆ្លងតាមរយៈអ្នកបើកបររថយន្តតាក់ស៊ីពីកំពង់ឆ្នាំងទៅកាន់រាជធានីភ្នំពេញពីរាជធានីភ្នំពេញមកកំពង់ឆ្នាំង និងទៅកាន់កន្លែងផ្សេងៗទៀតហេតុនេះរដ្ឋបាលក្រុងសូមជូនដំណឹងដល់បងប្អូនអ្នកប្រកមមុខរបបបើករថយន្តតាក់ស៊ីស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងទាំងអស់មេត្តាជ្រាបដូចខាងក្រោម៖

១. អ្នកបើកបររថយន្តតាក់ស៊ីទាំងអស់ត្រូវផ្អាកជាបណ្តោះអាសន្នដើម្បីទៅយកសំណាកនៅទីតាំងបេនឡានផ្សារលើក្រុងកំពង់ឆ្នាំងចាប់ពីវេលាម៉ោង៨៖០០នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ជាកំហិត។

២. ប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរគឺត្រូវផ្អាកការធ្វើដំណើរតាមរថយន្តតាក់ស៊ីក្នុងក្រុងកំពង់ឆ្នាំង។

៣. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធធ្លាប់ជិះរថយន្តតាក់ស៊ី ជាមួយឈ្មោះសោម ឡុង និងឈ្មោះ ញូង វណ្ណា ត្រូវអញ្ជើញមកយកសំណាកតាមការអំពាវនាវនេះកុំបីអាក់ខានឡើយ។

៤. ករណីបុគ្គលណាមិនព្រមអនុវត្តតាមការអំពាវនាវរបស់រដ្ឋបាលក្រុងនឹងចាត់វិធានការណ៍តាមនិតិវិធីច្បាប់។

ទទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង អំពាវនាវអ្នកបើកបររថយន្តតាក់ស៊ីទាំងអស់ក្នុងក្រុងកំពង់ឆ្នាំង និងអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលប្រញាប់រួសរាន់មកជួបគ្រូពេទ្យនៅទីតាំងដែលបានកំណត់ខាងលើតាមការគួរ៕