រាជធានី​ភ្នំពេញ ៖ ជា​រឿង​គួរ​អោយ​អាណិតអាសូរ និង​សែន​សង្វេគ​មួយ​ដែល​កូន​ក្មេង​តូច​ៗ ២​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា វ័យ​មិន​ដល់​១៥​ឆ្នាំ​ផង​បាន​នាំ​គ្នា​អូស​រទេះដឹក​ស្ត្រី​ចំណាស់​ខ្វិន​ជើង និង​ពិការ​ដៃ ម្នាក់​ជា​អ៊ុំ​បង្កើត ដើរ​តាម​ដងផ្លូវ ដើម្បី​សុំទាន គ្រាន់​បាន​កម្រៃ​ខ្លះ​យក​ទៅ​ចំណាយ​ហូប​ចុក​ប្រចាំ​ថ្ងៃ ពិសេស គឺ​សមាជិក​មានកូន​ក្មួយ​បងប្អូន​តូច​ៗ​ជា​ច្រើន​ទៀត​នៅ​ក្នុង​គ្រួសារ ដែល​កំពុង​សម្រាក​នៅ​ក្នុង​ទី​វត្ត​អារាម ។

ស្ត្រី​ចំណាស់​ដែល​ខ្វិន​ជើង និង​ពិ​បារ​ដៃ​ទាំង​សងខាង​ខាងលើ មានឈ្មោះ ឈិ​ន យឿ​ន អាយុ​៥៦​ឆ្នាំ ។ ចំណែក​ក្មួយ​ប្រុស​បង្កើត​ទាំង​២​នាក់ (​បងប្អូន​ភ្លោះ ) មានឈ្មោះ ទី​១ ង៉​ន ម៉េ​ង​ហុង និង​ម្នាក់​ទៀត ឈ្មោះ ង៉​ន ម៉េ​ង​ហ៊ា​ង មាន​វ័យ​១១​ឆ្នាំ ។ បច្ចុប្បន្ន​ពួក​ស្នាក់​នៅ​ក្នុង​វត្ត​ត្រពាំង​សិលា ស្ថិត​នៅ​ខាងត្បូង​វត្ត​ព្រៃ​ស្ពឺ ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

គួរបញ្ជាក់ថា ជា​រៀងរាល់ថ្ងៃ គេ​តែង​សង្កេត​ឃើញ ក្មេង​ៗ​តូច​ៗ​ទាំង​២​ខាងលើ តែង​អូស​ស្ត្រី​ជា​អ៊ុំ​ស្រី តាម​រទេះ ដើរ​ដោយ​ថ្មើរជើង តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ដើម្បី​សុំទាន​គេ​ជា​ប្រចាំ​ថ្ងៃ ហើយ​ភាគច្រើន គឺ​ដើរ​សុំ​នៅ​វេលា​ម៉ោង​៨​ព្រឹក ។ ក្នុង​នោះ​ដែរ មាន​ពេល​ខ្លះ​ក្មេង​ទាំង​២​នាក់ លើកដៃ​សុំ​លុយ​គេ និង មាន​ពេល​ខ្លះ​មិន​បាន​សុំ​ផង ប៉ុន្តែ​ដោយសារ​ពលរដ្ឋ​ទូទៅ​មានការ​ឃើញ​ហើយ កើត​ចិត្ត​អាណិតអាសូរ​ក៏​ស្រែកហៅ​អោយ​តែ​ម្តង ដោយ​មាន​ជា​នំនែក មីទឹក​ក្រូច ខោអាវ ឬ​ថវិការ​តិចតួច​ជាដើម ទៅ​តាម​សទ្ធា​ជ្រះថ្លា​របស់​អ្នក​ដែល​ផ្តល់​អោយ៕