រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែមិថុនានេះ អាជ្ញាធរសង្កាត់ចោមចៅទី៣ បានដឹករនាំង ដែក ទៅបិទខ្ទប់ ផ្សារ​ត្រពាំងពោធិ៍ និងតំបន់ជុំវិញ​រោងចក្រ ហ្គេ្រន ធ្វីន អ៊ីនធើណេសិនណល(ខេមបូឌា) ភីអិលស៊ី ហៅ រោងចក្រ QMI។ វិធានការ​បិទខ្ទប់នេះ បន្ទាប់ពីរកឃើញកម្មករកម្មការិនីវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ សរុបចំនួន ២៩៦នាក់ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦មិថុនា។

ទោះបីជាយ៉ាងណា គេពុំដឹងអោយប្រាកដថា ការបិទខ្ទប់នេះ​ ត្រូវបិទចាប់ពីកន្លែងណា ទៅកន្លែងណានោះទេ ព្រោះតំបន់ជុំវិញរោងចក្រ ជាទីប្រជុំជន ផ្សារ ផ្ទះជួល ដែលកម្មករកម្មការិនី រោងចក្រផ្សេងៗទៀត បានចេញចូល​យ៉ាងច្រើនកុះករ។ ក្រុមហ៊ុន ក៏បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ បន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃនិងតាមដានសុខភាព អោយបានត្រឹមត្រូវ បើមានបញ្ហាសង្ស័យ ដូចជា ផ្តាសាយ ក្អក។ល។សូមទៅយកសំណាកបន្ទាន់ ដោយគោរពអោយបានត្រឹមត្រូវ តាមវិធានការសុខាភិបាល ពិសេស​ប្រសាសន៍របស់សម្តេចតេជោ ៣ការពារ ៣កុំ​។

តាមសេចក្តីជូនដំណឹង នាយកក្រុមហ៊ុន ហ្គេ្រនធ្វីន សូមជំរាបជូនបងប្អូនកម្មករនិយោជិត​ទាំងអស់ជ្រាបថា យោងតាមសេចក្តីណែនាំរបស់សមត្ថកិច្ចចម្រុះ មានតំណាងសាលារាជធានីភ្នំពេញ, តំណាងក្រសួងសុខាភិបាល និងតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ក្រុមហ៊ុន ត្រូវបានផ្អាកផលិតកម្ម ចំនួន ១៤ថ្ងៃ ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី២០ មិថុនា ឆ្នាំ២០២១តទៅ។ នៅក្នុងសេចក្តីជូនដំណឹង ក៏បានអោយដឹងទៀតថា ដោយមានការណែនាំពីស្ថាប័​នសមត្ថកិច្ច មិនអោយជួបជុំគ្នា ក្រុមហ៊ុនសម្រេចលើកពេលបើកប្រាក់ឈ្នួលខែឧសភា ទៅបើកនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វិញ៕