ភ្នំពេញ ៖ ព្រះរាជអាជ្ញាចេញដីកាកោះហៅ ប្រធានមន្ទីរពេទ្យកុមារជាតិ និងគ្រូពេទ្យម្នាក់ទៀត ពាក់ព័ន្ធបណ្តឹងរបស់ពលរដ្ឋដែលចោទប្រកាន់ធ្វើឲ្យក្មេងស្លាប់។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ ត្រូវបានលោក អ៊ុ សុភក្តិ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួន ចូលទៅបំភ្លឺលើសំណុំរឿងដែលអាណាព្យាបាលកុមរារងគ្រោះ បានប្តឹងចោទប្រកាន់ថា គ្រូពេទ្យធ្វេសប្រហែសបណ្តាលឲ្យកូនពួកគាត់ស្លាប់។

យោងតាមដីកាកោះហៅរបស់ព្រះរាជអាជ្ញាបានឲ្យដឹងថា តំណាងអយ្យការ បង្គាប់ឲ្យលោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ ចូលខ្លួនបំភ្លឺនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធបណ្តឹងរបស់ឈ្មោះ ហៃ ឡុង និងឈ្មោះ ចោម ស្រីពៅ ជាអាឪពុក-ម្តាយកុមាររងគ្រោះ ឈ្មោះ ឡុង ឌីណា។

ពាក់ព័ន្ធករណីនេះលោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីយកឈាមទៅពិនិត្យគ្រូពេទ្យរកឃើញថា កុមារឈ្មោះ ឡុង ឌីណា បានស្លាប់ដោយសារមានជំងឺ EV71 និងជំងឺពងបែកលើខ្លួនប្រាណ ដែលជាប្រភេទជំងឺអាចបណ្តាលឲ្យកុមារក្រោមអាយុ ២ឆ្នាំ ងាយនឹងស្លាប់ជាងមនុស្សពេញវ័យ។ លោកវេជ្ជបណ្ឌិត បានបន្តថា ក្រោយពីអ្នកជំងឺចូលមកសម្រាកនៅមន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែជាអកុសលមិនអាចជួយបាន។

លោកបានអះអាងទៀតថា គ្រូពេទ្យមិនចង់ឲ្យអ្នកជំងឺស្លាប់នោះទេ និងបានព្យាយាមពន្យល់ឪពុកម្តាយអ្នកជំងឺដែរ ប៉ុន្តែពួកគាត់នៅតែមិនព្រម និងប្តឹងទាមទារសំណងពីមន្ទីរពេទ្យ ចំនួន៣២,០០០ដុល្លារ៕

គួររម្លឹកថា កាលពីទី១៨ ខែមិថុនា ឆ្នាំ២១៩ ឪពុកម្តាយរបស់កុមាររងគ្រោះ បានដាក់ពាក្យប្តឹងប្រធានមន្ទីរពេទ្យ កុមារជាតិ និងវេជ្ជបណ្ឌិតម្នាក់ឈ្មោះ សរ ច័ន្ទចិត្រា ទៅតុលាការ ពីបទ «ធ្វេសប្រហែសឲ្យកុមារស្លាប់»៕