អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន អាមេរិក NBC News នៅព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រធានទីភ្នាក់ងារអវកាសរុស្ស៉ី កំពុងបង្ហាញសញ្ញាគំរាមថា ខ្លួននឹងដើរចេញពីកម្មវិធីស្ថានីយអវកាសអន្តរជាតិ (ISS) នៅឆ្នាំ២០២៥ ប្រសិនបើសហរដ្ឋអាមេរិកមិនព្រមដកទណ្ឌកម្ម ប្រឆាំងវិស័យអវកាសរុស្ស៉ីចេញវិញទេនោះ។

លោក ឌីមីទ្រី រ៉ូហ្គោហ្ស៊ីន (Dmitry Rogozin) នាយកទីភ្នាក់ងារអវកាស រ៉ូសខូស្មូស (Roscosmos) បាននិយាយថា «ប្រសិនបើទណ្ឌកម្មនៅដដែល ហើយមិនត្រូវបានដកចេញ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខទេនោះ បញ្ហានៃការដកខ្លួនចេញរបស់ប្រទេសរុស្ស៉ីពីកម្មវិធី ISS នឹងជាការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិក»។

លោក Rogozin បានសង្កត់ធ្ងន់ថា ជម្រើសមានពីរក្នុងនោះ ទីមួយគឺរុស្ស៉ី-សហរដ្ឋអាមេរិកត្រូវសហការគ្នា តែតម្រូវឲ្យដកទណ្ឌកម្មចេញវិញ រីឯទីពីរគឺប្រទេសទាំងពីរលែងសហការគ្នាតទៅទៀត ហើយរុស្ស៉ីនឹងបង្កើតស្ថានីយអវកាសផ្ទាល់ខ្លួន។ បើតាមលោក Rogozin ទណ្ឌកម្មរបស់អាមេរិក ក៏ធ្វើឲ្យរុស្ស៉ីមិនអាចបាញ់បង្ហោះ ផ្កាយរណបមួយចំនួនបានផងដែរ៕