ខេត្តកណ្តាល៖ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោក ហឿន វណ្ណារិទ្ធ អនុប្រធានពន្ធនាគារខេត្តកណ្តាលបានចេញលិខិតបកស្រាយក្រោយមានការផ្សាយបំភ្លៃថា គាត់និងមិត្តភក្តិច្រៀងលេងសប្បាយអឺងកង ក្នុងពន្ធនាគារ ខណៈកំពុងផ្ទុះកូវីដជំងឺកូវីដ១៩។

តាមលិខិតរបស់លោកបានឱ្យដឹងថា គាត់និងមិត្តភក្តិ មិនបានផឹកស៊ី និងច្រៀងលេងសប្បាយអំឡុងពេលផ្ទុះជំងឺកូវីដ១៩ នោះទេ ពោលរូបភាពដែលមាននៅលើបណ្តាញសង្គម Facebook គឺជារូបភាពចាស់។ ដោយលោកបាននិយាយថា៖ «អត្ថបទចេញផ្សាយអំពីខ្ញុំបាទ របស់សារព័ត៌មាន (…) ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២១ មានខ្លឹមសារបំផ្លើសមួលបង្កាច់ខ្ញុំបាទទាំងខ្លឹមសារ និងរូបភាពដោយគំនិតព្យាយាមសន្សំរូបភាពតាំងពីយូរបន្តបន្ទាប់នៅក្រៅពន្ធនាគារខ្លះនៅក្នុងពន្ធនាគារខ្លះ មកតំរៀបភ្ជាប់ជាមួយរូប ចុងក្រោយក្នុងពន្ធនាគារពេលដែលពន្ធនាគារជាតំបន់ក្រហម ដើម្បីបកស្រាយឲ្យរូបខ្ញុំក្លាយជាជនប្រព្រឹត្តល្មើសបទបញ្ជារបស់អង្គភាព ក្រសួង និងរាជរដ្ឋាភិបាលអំពីការជួបជុំហូបគ្រឿងស្រវឹង»។

លោកបានបន្តទៀតថា ប៉ុន្មានឆ្នាំក្រោយនេះ ពិសេសក្រោយមានប្រពន្ធមានកូន មិនអាចហូបគ្រឿងស្រវឹងបានទេ បើយូរៗម្តងជួបមិត្តភក្រីក៏បានត្រឹមបន្តិចបន្តួច ក៏ឈប់ហើយ បារី ក៏ឈប់ដែរ។ លោកបានសម្តែងក្តីសោកស្តាយ ដែលសារព័ត៌មានខាងលើផ្សាយមូលបង្កាច់បង្ខូចគាត់បែបនេះ៕