ខេត្តកំពង់ចាម៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ មេក្លោងចែកចាយគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាមចាប់ខ្លួន ដកហូតបានថ្នាំញៀនជាង២គីឡូក្រាម។ ប្រតិបត្តិការចាប់ខ្លួនមេក្លោងចែកចាយថ្នាំញៀន ធ្វើឡើងក្រោមការសម្របសម្រួលពីលោក វង្ស ប៊ុនវិសុទ្ធព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។ នេះបើតាមការឲ្យដឹងពីស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ។

មេក្លោងចែកចាយគ្រឿងញៀនខាងលើមានឈ្មោះ ផៃ សីហា អាយុ៣៥ឆ្នាំរស់នៅភូមិស្វាយជូ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមានដូចជា ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន៣កញ្ចប់ធំ ទម្ងន់ ២,០៣៧.៧១ក្រាម) និងទូរស័ព្ទចំនួន២គ្រឿង។

រហូតមកដល់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដោយបានការអនុញ្ញាតពីថ្នាក់ដឹកនាំខាងលើ កម្លាំងសមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវករណីខាងលើ រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបតាងួន និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់បន្ថែមទៀត។ អ្នកទាំង០២នាក់ខាងលើជាមុខសញ្ញាជួញដូរ ដែលមកទិញថ្នាំញៀនពីឈ្មោះ ផៃ សីហា យកទៅលក់បន្ត។

សូមបញ្ជាក់ថា បន្ទាប់ពីធ្វើការឃាត់ខ្លួនឈ្មោះ ផៃ សីហា បានហើយក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនដែលបានទូរស័ព្ទមកឈ្មោះ ផៃ សីហា រកទិញថ្នាំញៀន សមត្ថកិច្ចយើងក៏បានឃាត់ខ្លួនបានចំនួន១៣នាក់បន្ដទៀតផងដែរ។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕