ប្រទេសថៃ៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះក្រសួងសុខាភិបាលថៃបានរាយការណ៍ថា អ្នកជំងឺកូវី១៩ចំនួន៣១នាក់ទៀតបានស្លាប់បាត់បង់ជីវិត និងមនុស្ស២,០៤១នាក់ទៀតបានឆ្លងថ្មី ក្នុងអំឡុងពេលតែ២៤ម៉ោងប៉ុណ្ណោះ។ បើដកស្រង់តាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពីបូកបញ្ចូលតួលេខថ្មីៗខាងលើ ធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសថៃបានកើនឡើងដល់ ៧១,០២៥ ករណី និងអ្នកស្លាប់សរុបកើនដល់ ២៧៦នាក់ គិតចាប់តាំងពីមានការផ្ទុះឡើង នូវការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នៅក្នុងប្រទេសអាស៊ានមួយនេះកាលពីដើមឆ្នាំ២០២០។ ខណៈអ្នកជំងឺជិត៣០,០០០នាក់ទៀត កំពុងស្ថិតក្នុងការព្យាបាលនៅឡើយ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យទូទាំងប្រទេស។

សូមបញ្ជាក់ថា ការផ្ទុះសារជាថ្មីនៃជំងឺ កូវីដ១៩ មួយរយៈនេះនៅក្នុងប្រទេសថៃ ដោយរួមមានវីរុសបំប្លែងខ្លួនថ្មី មានប្រភពដើមពីអង់គ្លេស ដែលអាចមានសមត្ថភាពឆ្លងខ្ពស់បានរាលដាលជាងពាក់កណ្ដាលដល់ចំនួនអ្នកឆ្លង និងស្លាប់សរុបនៅទូទាំងប្រទេស ដោយមានអ្នកឆ្លងថ្មីចំនួន៣៦,២៩០នាក់ និងអ្នកស្លាប់ចំនួន១០៩តែនៅក្នុងខែមេសា មួយខែប៉ុណ្ណោះ៕