អន្ដរជាតិ៖ យោងតាមការចេញផ្សាយចេញផ្សាយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នានាទូទាំងពិភពលោក ផ្ដល់នូវវ៉ាក់សាំងប្រមាណ ៥០% របស់ខ្លួនជូនដល់ កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ដើម្បីជួយដល់ប្រទេសក្រីក្រ។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានលើកឡើងថា ក្រុមហ៊ុនផលិតវ៉ាក់សាំងនានា គួរតែបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ទៅលើកម្មវិធី COVAX ដែលបានខិតខំប្រឹងប្រែង ដើម្បីទទួលបាននូវការបរិច្ចាគវ៉ាក់សាំងជាច្រើនដូស ជូនដល់បណ្ដាប្រទេសក្រីក្រ។ លោក Tedros បានបន្ដថា ប្រទេសក្រីក្រជាច្រើនមិនអាចសូម្បីតែផ្តល់ការចាក់វ៉ាក់សាំង ជូនដល់ក្រុមបុគ្គលិកសុខាភិបាល ក្រុមមនុស្សចាស់ និងក្រុមប្រជាជនដទៃទៀតរបស់ពួកគេ ដែលងាយរងគ្រោះបំផុតដោយជំងឺកូវីដ១៩ ខណៈនាពេលបច្ចុប្បន្ននេះ ប្រទេសអ្នកមានមួយចំនួនបាន និងកំពុងទិញវ៉ាក់សាំងជាច្រើនដូស ហើយកំពុងត្រៀមរៀបចំ ដើម្បីចាប់ផ្តើមផ្ដល់ការចាក់វ៉ាក់សាំង ជូនដល់ក្រុមកុមាររបស់ពួកគេហើយ។

សូមបញ្ជាក់ថា កម្មវិធី COVAX ត្រូវបានបង្កើតឡើង ដើម្បីធានាបាននូវការចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌ ជាពិសេសជូនដល់បណ្ដាប្រទេស ដែលមានប្រាក់ចំណូលទាប ហើយកម្មវិធីនេះបានចែកចាយវ៉ាក់សាំងច្រើនជាង ៨០លានដូសហើយជូនដល់បណ្ដាប្រទេស និងដែនដីចំនួន ១២៩៕

epa08525241 World Health Organization (WHO) Director-General Tedros Adhanom Ghebreyesus attends a press conference organized by the Geneva Association of United Nations Correspondents (ACANU) amid the COVID-19 pandemic, caused by the novel coronavirus, at the WHO headquarters in Geneva, Switzerland, 03 July 2020. EPA-EFE/FABRICE COFFRINI