ក្រុមហ៊ុន Apple បានបង់ប្រាក់ខ្ទង់លានដុល្លារអាមេរិក ដើម្បីបញ្ចប់រឿងបណ្ដឹងបែកធ្លាយរូបភាពអាក្រាត និងវីដេអូសិចរបស់សិស្សស្រីម្នាក់។ នេះតាមការចេញផ្សាយដោយសារព័ត៌មាន The Telegraph កាលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ។

មានសិស្សសាលាស្រីម្នាក់បានយកទូរស័ព្ទ iPhone ទៅឱ្យបុគ្គលិករបស់ Apple ធ្វើការជួសជុល និងមួយរយៈពេលក្រោយមក ស្រាប់តែមិត្តភ័ក្តិរបស់នាងបានប្រាប់ថា គណនី Facebook របស់នាងបានផុសរូបភាពអាសអាភាសចំនួន ១០សន្លឹក និងវីដេអូសិចមួយ ទើបនាងដឹងថា គឺវាបែកធ្លាយ តាមរយៈទូរស័ព្ទដៃរបស់នាង។

រឿងរ៉ាវរបស់ក្រុមហ៊ុន Apple នេះបានកើតមានឡើងតាំងពីឆ្នាំ២០១៦ ក្រោយពីអូសបន្លាយពេលអស់ជាច្រើនឆ្នាំ ហើយពេលនេះក្រុមហ៊ុន Apple បានចេញមុខមកដោះស្រាយ និងព្រមបង់ប្រាក់ខ្ទង់លានដុល្លារអាមេរិកដើម្បីបញ្ចប់រឿងបណ្ដឹងនេះ។

ទោះបីជាយ៉ាងណាក៏ដោយ តុលាការមិនបានបញ្ជាក់ថា Apple បានសងប្រាក់ទៅនាងក្នុងទំហំប៉ុន្មាននោះទេ ប៉ុន្តែ The Telegraph បានប៉ាន់ប្រមាណ ថាប្រហែលជា ៥លានដុល្លារអាមេរិក។