សមាជិកសភាចិនគ្រោងនឹងអនុម័តច្បាប់ថ្មីមួយ ទាក់ទងនឹងការហាមឃាត់ ការប្រមាថ ឬបង្ខូចកេរ្តិ៍ឈ្មោះមន្ត្រីយោធា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ។

តាមសេចក្ដីព្រាងច្បាប់ខាងលើបានចែងថា គ្មានអង្គការ ឬបុគ្គលណាម្នាក់អាចប្រមាថ ឬបង្ខូចកេរ្តិ៍ឈ្មោះកងកម្លាំងយោធាបាននោះឡើយ ហើយអ្នកដែលល្មើសនឹងច្បាប់នេះ នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីរដ្ឋអាជ្ញា។

ក្នុងច្បាប់ថ្មីនេះបានបញ្ជាក់ទៀតថា រដ្ឋអាជ្ញាចិនអាចចោទប្រកាន់ ឬដាក់ពាក្យប្ដឹងប្រឆាំងនឹងការប្រមាថ ឬការបង្ខូចកេរ្កិ៍ឈ្មោះព្រមទាំងការពារសិទ្ធិរបស់យោធា ក៏ដូចជាសកម្មភាពដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការបំពេញតួនាទី និងបេសកកម្មរបស់ពួកគេ ដែលបម្រើផលប្រយោជន៍សង្គមជាតិ។

ទោះបីជាយ៉ាងក៏ដោយ សេចក្ដីព្រាងច្បាប់ខាងលើស្ដីពីការពារឋានៈ សិទ្ធិ និងផលប្រយោជន៍មន្ត្រីយោធា ត្រូវបានដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិនរួចហើយកាលថ្ងៃចន្ទម្សិលមិញនេះ ដើម្បីត្រួតពិនិត្យ៕