ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្រោយបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ, តំបន់ប្រឈមនិងតំបន់ក្រហម នៅរក្សាការបិទខ្ទប់ដដែល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តែបង្រួមមកតូចជាងមុន ។

ឯកឧត្តម បញ្ជាក់ថានៅក្រោយថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ខាងមុខ គឺជាថ្ងៃដែលរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ ក៏ដូច ជាបញ្ចប់ ការបិទខ្ទប់ច្រកចេញចូលតាមបណ្តាខេត្តនៅទូទាំងប្រទេស ប៉ុន្តែសម្រាប់ភ្នំពេញក្រោយបញ្ចប់ការបិទខ្ទប់នៅ តែរក្សាតំបន់៣ដដែលនោះគឺតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហមដើម្បីបង្ការទប់ ស្កាត់នូវជំងឺកូវីដ១៩ គ្រាន់តែបង្រួមតំបន់លឿងទុំ និងតំបន់ក្រហម មកនៅតូចជាងមុនប៉ុណ្ណោះ។

ឯកឧត្តម បានបន្ថែមថា រាជរដ្ឋាភិបាលនឹងបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយទៅតំបន់មួយពីខេត្តមួយ ទៅខេត្តមួយនៅថ្ងៃទី៦ ខែឧសភា ។ ប៉ុន្តែសម្រាប់ភ្នំពេញនៅរក្សាតំបន់៣ដដែលគឺតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដោយ ឯកឧត្តម ជំរុញឲ្យអាជ្ញា ធរខណ្ឌ កងកម្លាំងមាន សមត្ថកិច្ច ត្រូវពង្រឹងឲ្យបានម៉ត់ចត់ទៅលើទីតាំងដែលបានកំណត់ ចៀសវាងការបន្តរីករាលដាលជម្ងឺកូវីដ១៩ ទៅតំបន់ផ្សេងទៀត។

«កិច្ចប្រជុំគណៈបញ្ជាការឯកភាពនាព្រឹកនេះ មានគោលបំណង ដើម្បីរៀបចំយន្តការថ្មីមួយទៀត ក្រោយពីរាជរដ្ឋាភិបាលបើកការធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដូចជា នៅតាមខេត្តនានាឡើងវិញ ដោយយើងនឹងចេញសេចក្តីសម្រេចនានាជាបន្តបន្ទាប់ទៀត ជុំវិញការបិទខ្ទប់តំបន់នានាក្នុងរាជធានីភ្នំពេញ»។

«ចំពោះតំបន់លឿង យើងនៅរក្សាការអនុវត្តវិធានការដដែល ដោយមិនឲ្យបើកហាងហូបចុក ដែលមានតុអង្គុយ និងការជួបជុំឡើយ។ ដោយឡែកសម្រាប់តំបន់លឿងទុំ ត្រូវរក្សានូវបម្រាមដដែល ហើយសម្រាប់តំបន់ក្រហម គឺជាតំបន់ដែលត្រូវបិទខ្ទប់ឲ្យបានម៉ឺងម៉ាត់បំផុត។ អ្វីដែលយើងត្រូវអនុវត្ត គឺយើងត្រូវបង្រួមការបិទខ្ទប់ តំបន់ប្រឈមឲ្យមកនៅទ្រង់ទ្រាយតូចជាងមុន»។

សូមជម្រាបថា នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសច្បាស់ៗថា នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតនោះទេ ពោលអាចនឹងបិទតំបន់តូចៗមួយចំនួនដែលមានហានិភ័យខ្ពស់ លើការឆ្លងជំងឺកូវីដ១៩តែ ប៉ុណ្ណោះ ។ ការប្រកាសបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន គឺឆ្លើយតបទៅនឹងអ្នក Comment ដែលបានចូលទៅ Comment ក្នុងហ្វេសបុករបស់សម្ដេចថា ចង់អំពីស្ថានភាពក្រោយថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដែលជាថ្ងៃកំណត់បើករាជធានីភ្នំពេញឡើងវិញ ក្រោយបិទខ្ទប់រយៈ ពេល៣សប្ដាហ៍ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

រាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសយកវិធានការបន្ដបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ហើយការកំណត់បិទខ្ទប់នេះត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ខាងមុខ បើគិតដល់ថ្ងៃទី០៥ ខែឧសភា ការបិទខ្ទប់នេះមានរយៈពេល៣សប្ដាហ៍ ៕