ឥណ្ឌា៖ ជនសង្ស័យជាសាច់ញាតិអ្នកជំងឺកូវីដ១៩ចំនួន ០២នាក់ ត្រូវបានឃុំខ្លួន និងជនសង្ស័យផ្សេងទៀតកំពុងធ្វើការស៊ើបអង្គេតចាប់ខ្លួនបន្ត ដោយសារពួកគេបានបង្កហឹង្សាលើបុគ្គលិកពេទ្យ និងវាយបំផ្លិចបំផ្លាញឧបករណ៍នៅក្នុងបន្ទប់ ICU។ ហេតុការណ៍នេះកើតឡើងក្នុងស្រុក Imphal East នៃរដ្ឋ Manipur ប្រទេសឥណ្ឌា។

យោងតាមវីដេអូឃ្លីបថតចេញពីកាំម៉េរាសុវត្ថិភាព បានបង្ហាញពីមនុស្សមួយចំនួនត្រូវជាសាច់ញាតិរបស់អ្នកជំងឺកូវីដ១៩ បានបំផ្លិចបំផ្លាញឧបករណ៍នៅក្នុងបន្ទប់ ICU របស់មន្ទីរពេទ្យ JNIMS។

តាមសម្តីរបស់គ្រូពេទ្យម្នាក់បានឱ្យដឹងថា ដើមហេតុដំបូងមុនកើតរឿងនេះ មានអ្នកជំងឺស្ត្រីម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពី៣ថ្ងៃមុន ដោយមានជំងឺកូវីដ ធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រូពេទ្យណែនាំឲ្យផ្ទេរចូលបន្ទប់ ICU ប៉ុន្តែត្រូវសមាជិកគ្រួសាររបស់អ្នកជំងឺបដិសេធ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យបានសម្រេចផ្ទេរអ្នកជំងឺចូលបន្ទប់ ICU បន្ទាប់មកស្ត្រីនោះក៏បានស្លាប់ភ្លាមៗ ដែលជាហេតុធ្វើឱ្យសាច់ញាតិអ្នកជំងឺខឹងសំបារក៏បង្កហឹង្សាលើបុគ្គលិកពេទ្យ និងវាយបំផ្លិចបំផ្លាញឧបករណ៍នៅក្នុងបន្ទប់ ICU។

គួរបញ្ជាក់ថា ក្នុងករណីនេះ រដ្ឋបាលនិងគ្រូពេទ្យ JNIMS បានដាក់ពាក្យបណ្តឹងទៅប៉ូលិស រួចហើយ។ ប៉ូលិសបានឃុំខ្លួនមនុស្សពីរនាក់ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះផងដែរ។