ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចាប់ខ្លួនបុរសម្នាក់ក្រោយពីបានជះទឹកអាស៊ីតទៅលើអតីតប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរកាលពី១ឆ្នាំមុន។ ប្រតិបត្តិការតាមចាប់ ខ្លួនជនដៃដល់ខាងលើ បានធ្វើឡើងកាលពីម៉ោង ៥៖៣០ល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នៅភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។

តាមសម្តីរបស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ហេង ចាន់ឌី អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិខាងលើត្រូវចាប់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាត ចំណែកស្រ្តីជាប្រពន្ធ និងជាជនរងគ្រោះឈ្មោះ លី រ៉ានី អាយុ៥០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យ និងស្រ្តីរងគ្រោះបានយកគ្នាជាប្ដីប្រពន្ធពុំបានរៀបការ ឬសែនព្រេននោះឡើយ ក្រោយពីរស់នៅជាមួយគ្នារយៈមកជនសង្ស័យ បានបែកចិត្តទៅមានស្រីថ្មីម្នាក់ទៀត និងបានរស់នៅជាមួយស្រីថ្មីនោះ អស់រយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ២០២០ ទើបវិលត្រឡប់ទៅរកជនរងគ្រោះវិញនិងសុំអង្វរត្រូវរ៉ូវគ្នាវិញ។

ពេលនោះជនរងគ្រោះមិនព្រមដែលជាហេតុធ្វើឲ្យជននេះខឹង លុះដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២២៖១៥នាទីយប់ ខណៈដែលជនរងគ្រោះកំពុងដើរចេញពីធ្វើការទៅជិតដល់ផ្ទះជួលភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យក៏បានយកទឹកអាស៊ីតជះលើមុខបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។ ពេលនោះជនរងគ្រោះបានស្រែកឲ្យអ្នកជិតខាងជួយដែរ ប៉ុន្តែជនសង្ស័យបានដណ្ដើម យកទូរស័ព្ទរួចរត់គេចខ្លួនបាត់។

លោក ជា សុវណ្ណ បានបន្តថា ស្រ្តីរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ ហើយពុំបានដាក់ពាក្យបណ្ដឹងនោះទេព្រោះតែគាត់រងរបួសធ្ងន់ពេក ប៉ុន្តែនគរបាលប៉ុស្តិ៍ចោមចៅទី១ និងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការស្រាវជ្រាវលើរឿងនេះ។
លុះដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ទើបលេចមុខជនសង្ស័យខាងលើ កំពុងធ្វើចត្តាឡីស័កនៅភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ក៏បានរាយការណ៍ជូនកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យចុះទៅសហការណ៍ ជាមួយកម្លាំងនគរបាលស្រុកក្រូចឆ្មារចាប់ខ្លួនជននោះតែម្តង។
ចំណែកស្រ្តីរងគ្រោះ បានបាត់បង់សម្រស់ទាំងស្រុង និងបានលើកដៃសំពះសុំដល់ថ្នាក់ដឹកនាំ ជួយដល់រូបគាត់ផង ព្រោះគាត់គ្មានទីពឹងឡើយ៕