អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ សវនាការជំនុំជម្រះក្តីរបស់លោកស្រី អោង សាន ស៊ូ ជី នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះហើយ។

ចាប់តាំងពីត្រូវយោធាទម្លាក់ពីអំណាច និងចាប់ខ្លួន កាលពីដើមខែកុម្ភៈកន្លងទៅ លោកស្រី ស៊ូ ជី បានរងការចោទប្រកាន់ជាច្រើនករណី រួមមានការល្មើសវិធានការការពារជំងឺកូវីដ១៩, ការកាន់ឧបករណ៍ទាក់ទងដោយគ្មានការអនុញ្ញាត, អំពើពុករលួយ និងការបំពានច្បាប់ការពារកិច្ចសម្ងាត់ជាតិជាដើម។

លោក មីន មីន ស៊ឺ (Min Min Soe) មេធាវីលោកស្រី ស៊ូ ជី ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា សវនាការខាងលើនឹងរៀបចំឡើង នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដោយមានការចូលផ្តល់សក្ខីកម្មពីដើមបណ្តឹង និងសាក្សី។ លោកបានឲ្យដឹងទៀតថា លោកបានជួបមុខលោកស្រីតែពីរលើកប៉ុណ្ណោះ ចាប់តាំងពីយោធាបានឃុំខ្លួនលោកស្រីនៅក្នុងផ្ទះ ក្រោយរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ ជាមួយគ្នានេះ យោធាមីយ៉ាន់ម៉ាក៏បានគំរាមរំលាយ គណបក្សនយោបាយរបស់លោកស្រី ដែលទទួលជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២០ ផងដែរ ក្រោមការចោទប្រកាន់រឿងបន្លំសន្លឹកឆ្នោត៕

Myanmar’s junta chief Senior General Min Aung Hlaing, who ousted the elected government in a coup on February 1, presides an army parade on Armed Forces Day in Naypyitaw, Myanmar, March 27, 2021. REUTERS/Stringer