ខេត្តស្វាយរៀង៖ ១០ថ្ងៃមកហើយនៅខេត្តស្វាយរៀងមិនមានអ្នកឆ្លងកូវីដថ្មីនោះទេ ស្រាប់តែមានប្ដីប្រពន្ធពីអ្នកចេញពីតំបន់បិទខ្ទប់នៅភ្នំពេញ ត្រឡប់ទៅស្រុកកំណើតនៅឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងវិញ ស្រាប់តែតេស្ដវិជ្ជមានកូវីដ១៩ និងមានអ្នកប៉ះពាល់ផ្ទាល់ និងដោយប្រយោលចំនួន៣៩នាក់។ នេះបើយោងតាមការឲ្យដឹងពីសមត្ថកិច្ចនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២ ឧសភា ឆ្នាំ២០២១ ក្រុមការងារចម្រុះ ដឹកនាំដោយលោកហែម សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកស្វាយជ្រំ និងលោកភោគ វណ្ណថន មេឃុំ ក្រោលគោនិងសមត្ថកិច្ចនៃក្រុមការងារបាន ចុះអប់រំណែនាំដល់ប្រជាពលរដ្ឋ ទើបវិលត្រឡប់ពីធ្វើការនៅភ្នំពេញត្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ និងបានយកសំណាកចំពោះអ្នកធ្វើចាត្តាឡីស័ក ហើយលទ្ធផលបានពិនិត្យសំណាករកឃើញវិជ្ជមានកូវីដ១៩ នៅភូមិឃួចចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះសូត រ៉ា អាយុ២៥ឆ្នាំ ជាប្តី និងម្នាក់ទៀតជាប្រពន្ធឈ្មោះ រស់ ថា អាយុ២១ឆ្នាំ ករណីធ្វើតេស្តរហ័សហើយរកឃើញវិជ្ជមាន។ បច្ចុប្បន្នក្រុមការងារបានបញ្ជូនទាំង២នាក់ប្តីប្រពន្ធនេះទៅដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យស្វាយជ្រំ ។

សូមជម្រាបជូនថា អ្នកប៉ះពាល់ផ្ទាល់និងដោយប្រយោលសរុបចំនួន៣៩នាក់ (ស្រី៣០នាក់) ត្រូវបានអាជ្ញាធរអប់រំណែនាំឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះរបស់ពួកគាត់ចំនួន១៤ថ្ងៃ និងជាពិសេសត្រូវអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ចគឺ ៣កុំ និង៣ការពារ៕