គណនីរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានក្រុមហ៊ុន Facebook ប្រកាសបិទរយៈពេល២ឆ្នាំ ។ នេះបើយោងតាមសារព័ត៌មាន BBC NEWS ចេញផ្សាយកាលពីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ។

ក្រុមហ៊ុន Facebook បានប្រកាសបិទគណនីរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រយៈពេល២ឆ្នាំ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីគណនីរបស់លោកត្រូវបានគេហាមឃាត់ជាលើកដំបូង។

ការផ្អាកនេះត្រូវបានធ្វើឡើង ក្រោមពិធីសារអនុវត្តច្បាប់ថ្មី ដែលបានប្រកាសកាលពីថ្ងៃសុក្រ ដើម្បីឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនថាការផ្អាកពីពេលដំបូង ដោយគ្មានកំណត់ គឺមិនសមស្របនោះទេ។

គួររំលឹកថា គណនី Facebook របស់លោក Trump ត្រូវបានផ្អាកការប្រើប្រាស់ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ដោយសារតែមានហានិភ័យបន្ថែមទៀត នៃអំពើហិង្សា, ក្រោយពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងមួយ នៅសភាអាមេរិក៕