ភ្នំពេញ៖ អាជីករលក់ដូរក្នុងផ្សារបន្លែ ចំនួន២នាក់ត្រូវអាជ្ញាធរធ្វើការផាកពិន័យជាប្រាក់ចំនួន២០ម៉ឺនរៀលបន្ទាប់ពីពួកគេមិនបានពាក់ម៉ាស់ពេលកំពុងលក់ដូរនៅក្នុងបរិវេណផ្សារ។ ការផាកពិន័យនេះធ្វើឡើងកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ មួយករណី និងនៅថ្ងៃទី០៣ ខែឆ្នាំដដែលនេះ មួយករណីទៀត នៅចំណុចផ្សារបន្លែជាប់នឹងផ្សារច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមសម្តីរបស់អាជ្ញាធរបានឱ្យដឹងថា អាជីវករទាំង២រូបខាងលើនោះ មានឈ្មោះ ជួប ទូច អាយុ៦០ឆ្នាំ ជាអាជីវករលក់ដូរមាន់នៅក្នុងផ្សារ និងមានទីលំនៅភូមិគ្រោះ ឃុំពោធិ៍វៀង ស្រុកបាទី ខេត្តតាកែវ និងម្នាក់ទៀតមានឈ្មោះ ស៊ុន គឹមដេ ភេទប្រុស អាយុ៤២ឆ្នាំ ជាអាជីវករលក់គ្រឿងសមុទ្រ មានទីលំនៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
លោកសាន់ ប៉ុណ្ណា ប្រធានផ្សារបន្លែខាងលើ បានអោយដឹងថា បច្ចុប្បន្នគណៈកម្មការផ្សារ ដែលកំពុងខិតខំយកចិត្តទុកដាក់ជាខ្លាំង ក្នុងការអនុវត្តវិធានការណ៍ជាច្រើន ដើម្បីទប់ស្កាត់នូវការរីករាលដាលនូវការឆ្លងនៃជំងឺកូវីដ១៩ ដោយគោរពទៅតាមគោលការណ៍របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ។ ដោយក្នុងនោះ គណៈកម្មការគ្រប់គ្រងផ្សារ បានតម្រូវអោយពលរដ្ឋទាំងអស់ មិនថាអ្នកដែលចូលទៅទិញម្ហូបអាហារ ឬអាជីវករឡើយ គឺត្រូវពាក់ម៉ាស់ និងមានអាលកុលជាប់នឹងខ្លួនជានិច្ច ដើម្បីបាញ់សម្លា.ប់មេរោគ ជាពិសេសនោះគឺការរក្សាគម្លាតសុវត្ថិភាពតែម្តង ។

ប្រធានផ្សារបន្លែ បន្តថា ទន្ទឹមនឹងនោះដែរ ក៏មានក្រុមប្រចាំការ ត្រូវដើរពិនិត្យមើលជាប្រចាំក្នុងបរិវេណផ្សារ ដើម្បីធានាបានថា មិនមានអ្នកដែលបំពានវិធានសុខាភិបាល ហើយជាក់ស្តែងនៅថ្ងៃខែខាងលើ បែរជាប្រទះឃើញ អាជីវករផ្សារមិនពាក់ម៉ាស់ការពារ ដែលនេះគឺជាការបំពាន មិនចូលរួមគោរព ដូច្នោះហើយពួកគេ គឺត្រូវតែទទួលការពិន័យជាទឹកប្រាក់អោយសមនឹងកំហុសដែលបានប្រព្រឹត្តិ ។
លោកសាន់ ប៉ុណ្ណា បានបញ្ជាក់ថា លុយ២០ម៉ឺនពេលផាកពិន័យ ពួកគេរអ៊ូថាច្រើន ប៉ុន្តែអ្វីដែលច្រើន និងជាបញ្ហាធំនោះ គឺប្រសិនបើនាងមានវិជ្ជមានកូវីដ១៩វិញ ប្រាកដណាស់នឹងមានការចម្លងទៅកាន់អ្នកដទៃជាបន្តបន្ទាប់ជាក់ជាមិនខានឡើយ ព្រោះផ្សារគឺជាទីកន្លែងដែលប្រមូលផ្តុំទៅដោយមនុស្ស ។ ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រងផ្សារ លោកសូមសំណូមពរដល់បងប្អូនពលរដ្ឋដែលមកទិញម្ហូបអាហារនៅក្នុងផ្សារ និងអាជីវករផ្សារទាំងអស់ សូមបន្តអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសនោះ គឺអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន គឺ៣ការពារ និង៣កុំ ដើម្បីធានាបានមិនអោយមានការឆ្លងកាន់តែខ្លាំងដល់សង្គមជាតិរបស់យើងទាំងអស់គ្នា ៕