​ថ្មី​ៗ​នេះ​ក្រុមហ៊ុន VIVO ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​​ស្មាតហ្វូន​មាន​បំពាក់​បច្ចេកវិទ្យា​សាក​ភ្លើង​លឿន​ ដែលភ្ជាប់ជាមួយខ្សែសាកលឿន USB-C មាន​កម្លាំង​បញ្ជូន​ដល់​ទៅ ១២០ វ៉ាត់​ម៉ោង(120W) ​អាច​បំពេញ​ថាមពល​ថ្ម​ទំហំ ៤០០០ ​មីលីអំពែ​ម៉ោង​ ពេញ ១០០% ចំណាយពេលត្រឹម​តែ ១៣ ​នាទី​ប៉ុណ្ណោះ​ដែល​ឲ្យ​ឈ្មោះ​ថា ultra-fast flash charging។ បើចង់សាកត្រឹម ៥ នាទីបាន ៥០%។

​ស្មាតហ្វូន​មាន​បំពាក់​បច្ចេកវិទ្យា​សាក​ភ្លើង​លឿន​នេះ​នៅ​មិន​ទាន់​មាន​ឈ្មោះ​ពិត​ទេ ​អាច​នឹង​បង្ហាញ​មុខ​ក្នុង​កម្មវិធី ​MWC Shanghai 2019 នៅថ្ងៃទី ២៦ ខែមិថុនាខាងមុខនេះ។ ជាង​នេះ​ទៀត ​VIVO ​ក៏​នឹង​បង្ហាញ​ពី​បច្ចេកវិទ្យា 5G ​ក្នុង​កម្មវិធី​​នោះ​ផង​ដែរ។

​បើ​ត្រឡប់​ទៅ​កាល​ពី​ឆ្នាំ​​មុន OnePlus បាន​បញ្ចេញ​ស្មាតហ្វូន​មាន​បំពាក់​បច្ចេកវិទ្យា​សាក​ភ្លើង​លឿន​មុនគេ ​មាន​កម្លាំង​បញ្ជូន​ត្រឹម​ ៣០ វ៉ាត់​ម៉ោង​ចាត់​ទុក​ថា​លឿន​បំផុត​ហើយ ​តែ​បន្ត ​មក​ក៏​មាន​ Huawei ចេញ​ស្មាតហ្វូន​មាន​បំពាក់​បច្ចេកវិទ្យា​សាក​ភ្លើង​លឿន​ ៤០ វ៉ាត់​ម៉ោង ចំណែក Oppo ​តំឡើង​ Oppo Find X ដល់​ ៥០ វ៉ាត់​ម៉ោង​ដែល​ឲ្យ​ឈ្មោះ​ថា SuperVOOC Flash Charge។ រីឯ Xiaomi ​តំឡើង​ដល់​ ១០០ វ៉ាត់​ម៉ោង​ដែល​ឲ្យ​ឈ្មោះ​ថា Super FastCharge Turbo សាកពេញ ១០០% ចំណាយពេល ១៧ ​នាទី៕