អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃពុធនេះ មនុស្សសរុប ១២,៩៧៦នាក់ទៀតបានឆ្លងជំងឺកូវីដ១៩ ខណៈអ្នកជំងឺ ២៨៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

សូមជម្រាបជូនថា ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងកូវីដ១៩ សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,១៣៦,៧៣៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១០,៤៣៦នាក់ និងជាសះស្បើយឡើងសរុប ២៧,៩៤០,៩១៨នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា បានបង្ហាញសញ្ញាថយចុះ កាន់តែច្រើននៃករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ១៩។ ប៉ុន្ដែទោះជាបែបនេះក្តី តួលេខនៃការចាក់វ៉ាក់សាំងប្រចាំថ្ងៃ បែរជាមានការធ្លាក់ចុះទៅវិញ ដែលតម្រូវឲ្យអាជ្ញាធរតាមរដ្ឋនីមួយៗ បង្កើតយុទ្ធសាស្ត្រដើម្បីទាក់ទាញប្រជាជន ឲ្យមកទទួលការចាក់វ៉ាក់សាំង ទៅតាមគោលការស្ម័គ្រចិត្ត៕