រាជធានីភ្នំពេញ : នៅថ្ងៃទី១ ខែឧសាភា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានសម្រេចផ្អាកជាបណ្តោះអាសន្នការនាំចូល និងព្យួរការបំពេញបែបបទបញ្ចេញទំនិញពីគយ ចំពោះសាច់បង្កក និងមុខទំនិញបង្កក ដែលអាចមានហានីភ័យផ្សេងទៀត មានប្រភពមកពីប្រទេសឥណ្ឌា។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការណែនាំឲ្យអនុវត្តជាបណ្តោះអាសន្នលើការនាំចូលសាច់បង្កក និងមុខទំនិញបង្កក ដែលមានហានិភ័យផ្សេងទៀតមានប្រភពមកពីប្រទេសឥណ្ឌា ដូចខាងក្រោម៖
+ ផ្អាកការនាំចូលជាបណ្តោះអាសន្ននូវមុខទំនិញទាំងនេះ ព្យួរការបំពេញបែបបទបញ្ចេញទំនិញពីគយចំពោះប្រភេទទំនិញទាំងនោះ ដែលបានមកដល់ទីលានគយ ឬសន្និធិតយនានារួចហើយ
+ ផ្តល់កិច្ចសហការជាមួយគណៈកម្មការចំពោះកិច្ចក្នុងការស្រាវជ្រាវ និងធ្វើតេស្តរកវីរុសផ្សេងៗ ជាពិសេស វីរុសកូវីដ១៩ ព្រមទាំងចូលរួមអនុវត្តវិធានការ ឬសេចក្តីសម្រេចនានារបស់គណៈកម្មការចំពោះកិច្ចពាក់ព័ន្ធនឹងមុខទំនិញទាំងនោះ
+ ត្រូវចាត់វិធានការអនាម័យ (ដូចជាការបាញ់ថ្នាំសម្លាប់មេរោគជាដើម) លើមធ្យោបាយផ្ទុក និងសំបកវិចខ្ចប់មុខទំនិញផ្សេងទៀត (ក្រៅពីសាច់បង្កក និងទំនិញបង្កក) ដែលមានប្រភពមកពីប្រទេសឥណ្ឌា
+ មន្ត្រីគយមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញទាំងនោះ ត្រូវប្រកាន់ខ្ជាប់នូវវិធានការអនាម័យផ្ទាល់ខ្លួនបន្ថែម ដោយត្រូវពាក់ម៉ាស់ របាំងការពារមុខ និងស្រោមដៃ៕