អន្ដរជាតិ៖ ក្នុងជំនួបពិភាក្សារបស់នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ជាមួយ អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី វែនឌី សឺមែន (Wendy Sherman) នៅឯវិមានរដ្ឋាភិបាលថៃ ក្នុងទីក្រុងបាងកក នាថ្ងៃពុធនេះ លោកស្រី វែនឌី សឺមែន (Wendy Sherman) បាននិយាយថា សហរដ្ឋអាមេរិកត្រៀមខ្លួនជានិច្ច ដើម្បីជួយដល់ប្រទេសថៃ ក្នុងការទិញវ៉ាក់សាំងបង្ការជំងឺ កូវីដ១៩។

យោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នៅថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ «សហរដ្ឋអាមេរិកមានគោលនយោបាយ ដើម្បីជួយប្រទេសជាច្រើន ក្នុងនោះរួមមានទាំងថៃផងដែរ ក្នុងការស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រោមគោលដៅព្យាយាមជួយឲ្យប្រទេសទាំងនោះ យកឈ្នះលើវិបត្តិជំងឺរាតត្បាតជាសកលនេះ»។

គួរបញ្ជាក់ថា លោក ប្រាយុទ្ធ បានសម្តែងការពេញចិត្តចំពោះការសន្យារបស់អាមេរិក ហើយបានបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនិងថៃ នឹងនៅតែបន្តកសាងចំណងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការរឹងមាំតទៅមុខទៀត៕