ភ្នំពេញ៖ លោក ឃួង ស្រេង ឱ្យអ្នកមានផ្ទះបណ្ដែតទឹកលើផ្ទៃទន្លេទាំងអស់ រុះរើចេញជាបន្ទាន់ ត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី២ មិថុនានេះទៅ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា កន្លងមកអាជ្ញាធរសង្កេតឃើញជនឆ្លៀតឱកាសនិយមមួយចំនួន បានលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្ដែត និងសំណង់មិនរៀបរយលើផ្ទៃទន្លេ។ ជាពិសេសកន្លែងខ្លះ ក៏ប្រែជាកន្លែងស្នាក់នៅខុសច្បាប់យ៉ាងអាណាធិបតេយ្យ។

បើតាមលោក ឃួង ស្រេង បញ្ហាទាំងអស់នេះ បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរណ៍ និងប្រព័ន្ធអេកូឡូហ្ស៉ីមានចរន្តទឹកហូរ គោករាក់ជាដើម។ ទន្ទឹមនឹងនេះ ការដាក់ចំណីត្រីនិងបញ្ចេញកាកសំណល់របស់មនុស្សពាសវាលពាសកាលក្នុងទន្លេ ធ្វើឲ្យប៉ះពាល់ដល់ជីវៈចម្រុះក្នុងទឹកយ៉ាងធ្ងន់ធ្ងរ ពិសេសគុណភាពទឹក បំពុលបរិស្ថាន ព្រមទាំងសុខភាពពលរដ្ឋដែលប្រើប្រាស់ទឹកមិនស្អាតផងដែរ។

«ចំពោះមុខ ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់ភាពអសកម្មខាងលើរដ្ឋបាលរាជធានីភ្នំពេញ តម្រូវឲ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរាយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេលមួយសប្ដាហ៍ គិតចាប់ពីការបរិច្ឆេទចេញសេចក្ដីជូនដំណឹងនេះតទៅ»។ នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង ដោយសង្កត់ធ្ងន់ថា ផុតរយៈពេលមួយសប្ដាហ៍នេះ អាជ្ញាធររាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាល ដោយពុំទទួលខុសត្រូវរាល់ការខូតខាតណាមួយឡើយ។ ករណីមានអ្នករឹងរូស អាជ្ញាធរធរមូលដ្ឋាននិងមន្រី្តជំនាញនឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។

ជាមួយគ្នាដែរ អភិបាលរាជធានីភ្នំពេញបានស្នើឲ្យប្រជាពលរដ្ឋ ដែលមានទម្លាប់ចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេនៅភ្នំពេញ ទៅចិញ្ចឹមត្រីតាមស្រះវិញ៕