ខេត្តតាកែវ៖ ដំណាំកញ្ឆាខុសច្បាប់ក្នុងទំហំផ្ទៃដីប្រមាណ ២ពាន់ម៉ែត្រការ៉េ ក្នុងស្រុកគិរីវង់ ត្រូវបានអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាប និងបំផ្លាញចោល។ ករណីចុះបង្ក្រាបនេះធ្វើឡើងកាលថ្ងៃទី២៧ ឧសភា ឆ្នាំ២០២១ក្នុងឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។

កងរាជអាវុធហត្ថខេត្តតាកែវ បានរកឃើញ ទីតាំងដាំកញ្ឆាខុសច្បាប់ចំនួន ៩កន្លែង សរុបផ្ទៃដីដាំចំនួន ២,១៧៣ម៉ែត្រការ៉េ នៅចំណុចភ្នំបាយ៉ង់កោ ក្នុងឃុំព្រៃអំពក ស្រុកគិរីវង់។ ក្រោយ រកឃើញនៅទីតាំងខាងលើ កម្លាំងអាវុធហត្ថបានប្រមូលដុត រួមនឹងបំផ្លាញអាងស្តុកទឹក ៥កន្លែងផងដែរ។

តាមការស្មានរបស់អភិបាលរងខេត្តតាកែវថា កញ្ឆាដែលរកឃើញនោះ មានអាយុចន្លោះពី ១០-១៥ថ្ងៃប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងករណីខាងលើ កម្លាំងជំនាញមិនទាន់រកឃើញជនល្មើសនៅឡើយនោះទេ។

លោក ខាន់ សុខា លើកឡើងដូច្នេះ៖ «យើងពិបាករកណាស់ រឿងជនខិលខូចលួចដាំនេះ ប្រជាពលរដ្ឋឡើងទៅធ្វើហ្នឹង គាត់មិនប្រាប់យើងថាទៅធ្វើ(ដាំកញ្ឆា)ទេ គាត់ទៅធ្វើចម្ការគាត់, គាត់ទៅកាប់ឧស, គាត់ទៅរកវល្លិ, គាត់ទៅជីកដំឡូង។ អ៊ីចឹងយើងមិនដឹងម្ចាស់មួយណា វាពិបាកអ៊ីចឹង»។

ក្រៅពីការចុះស្រាវជ្រាវ និងបង្ក្រាបទីតាំង ដាំកញ្ឆាខុសច្បាប់ អភិបាលរងខេត្តរូបនេះថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចខ្លួន បន្តស្វែងរកអ្នកបញ្ជានៅពីក្រោយការដាំនេះ។ ជាមួយគ្នានេះ អាជ្ញាធរខេត្ត នៅតែបន្ត ស្រាវជ្រាវទីតាំងដាំដទៃ, រៀបចំផែនការផ្សព្វផ្សាយ អប់រំ ណែនាំពលរដ្ឋ និងការបង្កើតឱកាសទីផ្សារដាំណាំកសិផលជំនួសវិញ៕