រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨-២៩-៣០ ខែឧសភា ឆ្នាំ២០២១ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់តាំងក្រុមជំនាញ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបដោយមានលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ, លោកឧត្ដមសេនិយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល, ឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងខេត្តកណ្តាល តំណាងលោក លីវ ស្រេង និងលោក ស៊ិត វណ្ណៈ ព្រះរាជអជ្ញារងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប ក្រុមឧក្រិដ្ឋជនជនបរទេសចំនួន ៦នាក់ក្នុងបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀនជិត១០០គីឡូក្រាម។

ចំពោះលទ្ធផលនេះការបង្ក្រាបនេះ កម្លាំងជំនាញឆែកឆេរទីតាំង៤កន្លែងនៅ ស្រុកមុខកំពូលខេត្តកណ្ដាល, ខណ្ឌច្បារអំពៅ១កន្លែង និង៣កន្លែងនៅ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ មានជនជាតិវៀតណាម១នាក់ និងចិន៥នាក់ រួមមាន៖ ១៖ ឈ្មោះ ង្វៀន យ៉ាំងយិន(Nguyen Van Vinh) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម។២៖ ឈ្មោះ LIANG LI HUA ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិចិន។៣៖ ឈ្មោះ QIU QING WEI ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិចិន។៤៖ ឈ្មោះ CHEN ZHI QIANG ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិចិន សញ្ជាតិកាណាដា ។៥៖ ឈ្មោះ CHEN SHEN TANGភេទប្រុស ជនជាតិចិន ។ ៦៖ ឈ្មោះ LI YI ភេទប្រុស ជនជាតិចិន។

សូមជម្រាបជូនថា ចំពោះសម្ភារដែលសម្ថកិច្ចចាប់យកវត្ថុតាងគ្រឿងញៀន៖ ១៖ អិចស្តាស៊ី (MDMA) ទម្ងន់ជាង ៩៤ គីឡូក្រាម។២៖ មេតំហ្វេតាមីន (ICE) ទម្ងន់ជាង ៤២.៨៥ ក្រាម។៣៖ សារធាតុផ្សំ (P2P) ទម្ងន់ជាង ១០ គីឡូក្រាម។៤៖ សម្ភារៈសំរាប់កែឆ្នៃ វេចខ្ចប់ ជញ្ជីងថ្លឹង មួយចំនួនធំ។៥៖ រថយន្ត ២គ្រឿង។៦៖ អាវុធខ្លី ២ដើម (ម៉ាក CF98-9 បង់២ គ្រាប់ចំនួន ១៥គ្រាប់ និងម៉ាក P0220 បង់២ និងគ្រាប់ចំនួន ៧គ្រាប់) ។៧៖ អាវុធខ្លី (កែច្នៃ) ២ដើម៨៖ ខ្នោះដៃ២គូ ៩៖ ទូរស័ព្ទដៃ២គ្រឿង។

គួរបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់៕