អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ បានបង្ហាញទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក បានបង្ហាញឱ្យដឹងថា ប្រទេសប៉េរូ មានចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ សរុបច្រើនជាងជិតបីដងនៃតួលេខអ្នកស្លាប់ផ្លូវការរបស់ខ្លួន បន្ទាប់ពីការធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ឡើងវិញ។

សូមជម្រាបជូនថា តាមសាកលវិទ្យាល័យ Johns Hopkins ចំនួនអ្នកស្លាប់ដោយសារ កូវីដ១៩ នៅក្នុងប្រទេសប៉េរូ បានកើនឡើងពីតួលេខបច្ចុប្បន្ន ៦៩,៣៤២នាក់ដល់ ១៨០,៧៦៤នាក់ដែលធ្វើឱ្យប្រទេសនេះមានអត្រាមរណភាពអាក្រក់បំផុត។ ប៉េរូ បានស្ថិតក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាមេរិកឡាទីន ដែលរងគ្រោះខ្លាំងបំផុតក្នុងកំឡុងពេលមានជំងឺឆ្លងរាតត្បាតកូវីដ១៩ ដោយមន្ទីរពេទ្យរបស់ខ្លួនមានផ្ទុកនូវអ្នកជំងឺយ៉ាងច្រើនកុះករ និងមានតម្រូវការ អុកស៊ីសែនជាច្រើនបំពង់ផងដែរ៕