ខេត្តកំពង់ចាម៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣១នាក់បន្ថែមទៀត ដែលក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755។

គួរបញ្ជាក់ថា អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង៣១នាក់នេះ មាននៅស្រុកជើងព្រៃ ចំនួន១៦នាក់, ស្រុកកងមាស ចំនួន១នាក់, ស្រុកស្រីសន្ធរ ចំនួន១នាក់, ស្រុកបាធាយ ចំនួន៧នាក់, ស្រុកកំពង់សៀម ចំនួន៥នាក់ និងមកពីរាជធានីភ្នំពេញ ចំនួន១នាក់។ ខណៈអ្នកជាសះស្បើយចំនួន៦០នាក់៕